2024-01-13 03:01
73

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)  នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នេះបានប្រកាសថា ការប្រកាសទ្រព្យសម្បតិ្ត និងបំណុល តាមរបប ២ឆ្នាំ មានរយៈពេល ៣១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាធម្មនុញ្ញ និងខេត្តស្ទឹងត្រែង បានបញ្ចប់ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៤។ 

អ.ប.ព បានឲ្យដឹងទៀតថា សម្រាប់សប្តាហ៍ទី២ នេះ អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលបានអញ្ជើញមកប្រកាសជាបន្តបន្ទាប់ តាមការកំណត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតត្រឹមម៉ោង១២ ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១៥ ២៦៩ រូប ស្មើនឹង ៨៣,៥៣% នៃចំនួនត្រូវប្រកាសសរុប ១៨ ២៧៩ រូប។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល។

លោកស្រី ហ៊ុន ពុទ្ធាវី បានឱ្យដឹងថា «ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញការប្រកាសទ្រព្យសម្បត្តិ និងបំណុលបាន ចំនួន ២៥ រូប នៃចំនួនសរុប ២៥ រូប និងខេត្តស្ទឹងត្រែង បានបំពេញការប្រកាសទ្រព្យសម្បត្តិ និងបំណុលបានចំនួន ១៤៧ រូប នៃចំនួនសរុប ១៤៧ រូប នាំឱ្យលទ្ធផលនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល ស្មើ ១០០%»។

យោងតាមសេចក្តីជូនដំណឹង ស្តីពី លទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៤ គិតត្រឹមថ្ងៃសុក្រ ទី១២ នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៤ ៨១៩ ច្បាប់ ។

សូមបញ្ជាក់ថា ក្រុមការងារ នៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃ ក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង ០៨និង០០ព្រឹកដល់ម៉ោង ០៥និង០០ល្ងាច៕