2024-02-24 02:02
69

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា នាយកគ្រប់គ្រងនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដើម្បីទទួលបានជំនាញជាក់លាក់សម្រាប់ទីផ្សារការងារ។

 ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រីក្រសួងការងារ និងនាយកគ្រប់គ្រងនៃអង្គការPSE ដែលធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ 

 ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ក្រុមយុវជនឱ្យមានជំនាញមួយនេះឱ្យពិតប្រាកដ ដើម្បីបម្រើដល់តម្រូវការសម្រាប់វិស័យឯកជន។

 បន្ថែមពីនេះ លោក ហេង សួរ ក៏បានបញ្ជាក់ពីភាពបត់បែន និងរស់រវើក នៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលក្រសួងបានដាក់ចេញនាពេលបច្ចុប្បន្ន ជាការគិតគូយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

 លោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណានាយកគ្រប់គ្រងនៃអង្គការ PSE បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីផែនការសកម្មភាពអាទិភាពរបស់អង្គការលើផែនការយុទ្ធសាស្ត្រ ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលអង្គការបាននឹងកំពុងបណ្តុះបណ្តាលលើជំនាញសំខាន់ៗ ចំនួន ៧ ដល់សិក្ខាកាមប្រមាណ ១ ៥០០នាក់ នាពេលបច្ចុប្បន្ន។ ជំនាញទាំងនោះ រួមមាន៖ មេកានិក សំណង់ ភាពយន្ត សណ្ឋាគារ និងបដិសណ្ឋារកិច្ចជាដើម។ 

 លោកស្រីនាយកគ្រប់គ្រង បានបញ្ជាក់បន្ថែមជូនលោករដ្ឋមន្ត្រីដែរថា ក្នុងផែនការមេរបស់អង្គការរយៈពេល ៥ឆ្នាំទៅមុខក៏ផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។ 

 យ៉ាងណាក៏ដោយភាគីទាំងពីរ បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនឱ្យមានជំនាញជាក់លាក់ដើម្បីក្លាយជាកម្លាំងពលកម្មយ៉ាងសកម្មក្នុងសង្វាក់ផលិតកម្មសេដ្ឋកិច្ចរបស់កម្ពុជា៕