2023-05-05 02:05
468

តាកែវ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នេះ លោក អ៊ូច ភា អភិបាលខេត្តខេត្តតាកែវ បានធ្វើការកោះអញ្ជើញភាគីពាក់ព័ន្ធទាំងប្រជាពលរដ្ឋរងគ្រោះដោយសារចាញ់បោកក្រុមហ៊ុន ជា សារ៉ន គ្រុប ស្ថាប័នធានាគារ គ្រឹះស្ថានហិរញ្ញវត្ថុនានា និងតំណាងក្រុមហ៊ុនឧកញ៉ា ជា សារ៉ន ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយគ្នា ក្នុងនោះ អភិបាលខេត្តបានចេញនូវគោលការ៣ចំណុច សម្រាប់ដោះស្រាយបញ្ហា។

តាមរយៈការជួបប្រជុំនៅសាលាខេត្តតាកែវ នាពេលនេះ ក្រោមអធិបតីភាពលោក អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយនឹងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទៅនឹងការទិញដីធ្លី ព្រមទាំងដាក់ទុនវិនិយោគជាមួយឧកញ៉ា ជា សារ៉ន ដែលមានចំនួនជាង ៥០០នាក់ និងបានដាក់ពាក្យប្តឹង ចំនួន៤០៧នាក់ ស្នើរសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តតាកែវ ឱ្យជួយពួកគាត់ដែលចាញ់បោកក្រុមហ៊ុន ជា សារ៉ន នៅខេត្តកំពត។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បន្ទាប់ពីស្តាប់ការបកស្រាយ បន្យល់របស់ប្រជាពលរដ្ឋ ដែលបាដនរងគ្រោះដោយសារចាញ់ល្បិចលកអូសទាញរបស់ក្រុមហ៊ុនរបស់ឧកញ៉ា ជា សារ៉ន ដែលកំពុងប្រឈមមុខការលំបាកនោះលោកបានដាក់ចេញនូវគោល ចំនួន៣ចំណុចសំខាន់ៗ រួមមានដូចខាងក្រោម៖ 

ទី១- ប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងនៅខេត្តកំពត ឬដាក់ពាក្យបណ្ដឹងនៅសាលាខេត្តតាកែវ ហើយអាជ្ញាធខេត្តតាកែវ និងជួយអន្តរាគមន៍ទៅខេត្តកំពតជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ 

ទី២- ករណីបងប្អូនប្រជាពលរដ្ឋខ្ចីលុយធនាគារ និងកំពុងជាប់បំណុលនោះ ក្រុមហ៊ុន ជា សារ៉ន ជាអ្នកទទួលខុសត្រូវក្នុងការបង់ការប្រាក់ជំនួសប្រជាពលរដ្ឋ។

ទី៣- ពាក់ព័ន្អនឹងប្លង់ដីរបស់ប្រជាពលរដ្ឋ ដែលដាក់បញ្ចាំនៅធនាគារ ឬអ្នកមានលុយក្រុមហ៊ុន ជា សារ៉ន យកអចលនៈទ្រព្យរបស់ខ្លួនដាក់បញ្ចាំនៅធនាគារយកប្រាក់មកលោះប្លង់ជូនបងប្អូនប្រជាពលរដ្ឋវិញ។

នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ ក៍បានសំណូមពរដល់បុគ្គលិកធនាគារ និងបុគ្គលិកមីក្រូហិរញ្ញវត្ថុទាំងអស់សូមកុំមានការគំរាមកំហែងប្ដឹងផ្ដល់ ឬរឹបអូសផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋដែលខ្ចីលុយពាក់ព័ន្ធទៅនិងក្រុមហ៊ុន ជា សារ៉ន គ្រុម។ ក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវតាមដាន និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលាក្នុងការជួយបងប្អូនប្រជាពលរដ្ឋ បើសិនមានការគំរាមកំហែងណាមួយ។

សូមបញ្ជាក់ថា ឧកញ៉ា ជា សារ៉ន នាយកក្រុមហ៊ុន ជា សារ៉ន គ្រុម និងបក្ខពួក កំពុងត្រូវបានឃុំខ្លនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកំពត ពាក់ព័ន្ធករណីឆបោកប្រាក់ប្រជាពលរដ្ឋ តាមរយៈការទិញដីឡូត៍ និងដាក់ទុនវិនិយោគ ដោយសន្យាផ្តល់ជូននូវផលចំណេញខ្ពស់ ប៉ុន្តែក្រុមហ៊ុនឧកញ៉ា ជា សារ៉ន មិនអនុវត្តន៍តាមកិច្ចសន្យាធ្វើឱ្យប្រជាពលរដ្ឋរាប់ពាន់បានរងគ្រោះលើបញ្ហានេះតែម្តង៕