2024-02-09 06:02
63

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ជនសង្ស័យទាំង១០នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តហើយ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចប្រាប់ថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ បួន ស្រីម៉ុច ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ស្ដីពីករណីលួច។ ក្រោយទទួលបណ្ដឹង នៅវេលាម៉ោង១៤និង១៥នាទីថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន១០នាក់ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងរក្សាទុក ចែកចាយសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ 

 លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យទាំង១០នាក់ ១-ឈ្មោះ អឿន បូ ភេទប្រុស អាយុ១៨ឆ្នាំ,២-ឈ្មោះ គឿម ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ,៣-ឈ្មោះ ម៉ៅ ត្រឹម ភេទប្រុស អាយុ៣៣ឆ្នាំ, ៤-ឈ្មោះ សុខ ដេវីត (ម៉ូវ) ភេទប្រុស អាយុ១៧ឆ្នាំ, ៥-ឈ្មោះ ពៅ ដូច (គា) ភេទប្រុស អាយុ១៧ឆ្នាំ,៦-ឈ្មោះ ឡុន ឡែន ភេទស្រី អាយុ៤៣ឆ្នាំ, ៧-ឈ្មោះ ខា ឡុង ភេទប្រុស អាយុ១៨ឆ្នាំ, ៨-ឈ្មោះ ប៊ុណ្ណា ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ,៩-ឈ្មោះ សន សា ភេទប្រុស អាយុ៣២ឆ្នាំ,១០-ឈ្មោះ ធៀ សាវឿន(ប៉ែត) ភេទប្រុស អាយុ៤០ឆ្នាំ។ ជនសង្ស័យ័ទាំង១០នាក់ បច្ចុប្បន្នស្នាក់នៅក្នុងក្រុងប៉ោយប៉ែត។ វត្ថុតាងចាប់យកមាន ១-ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខពោធិសាត់ 1M-6426 ចំនួន ០១គ្រឿង, ២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៣-ម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៤-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៥-ម៉ូតូម៉ាក វ៉េវ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៦-ម៉ូតូម៉ាកហុងដា CBR ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៧-ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៨-ផ្លាកលេខម៉ូតូ ចំនួន០៥សន្លឹក និងសម្ភារៈសម្រាប់ដោះបំបែកគ្រឿងម៉ូតូមួយចំនួនទៀត(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត)។៩-ម៉ូតូម៉ាកហុងដា Zomer X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1Z 8849 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ),១០-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌ផ្កាឈូក ចំនួន១៩៩គ្រាប់,១១-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌បៃតង ចំនួន០៤គ្រាប់, ១២-គ្រឿងញៀនប្រភេទខេទឹកកក ចំនួន១៥កូនថង់, ១៣-កំប៉ុងពណ៌ខ្មៅ សម្រាប់ដាក់គ្រឿងញៀនចំនួន០១កំប៉ុង។ 
លោករវសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា មុនឈានដល់ការបង្ក្រាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបានទទួលពាក្យបណ្តឹងពីជនរងគ្រោះបាត់ម៉ូតូម៉ាកហុងដា Zomer X ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាក លេខ សៀមរាប-1Z 8849 ដែលទុកមុខបន្ទប់នៅម្តុំវត្តត្រាច កាលថ្ងៃទី០២ ខែកុម្ភៈ ភ្លាមនោះជនរងគ្រោះ បានសុំអ្នកជិតខាងឆែកកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញក្រុមចោរមានគ្នាចំនួន០២នាក់បានធ្វើ សកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះខាងលើ។ 

  លោក បានបញ្ជាក់ទៀតថានៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យឈ្មោះឡុន ឡែន ភេទស្រី ជាអ្នកទិញម៉ូតូ របស់ដើមបណ្ដឹងលើខាងលើ ហើយយកមកសួរនាំ បន្ទាប់ពីសួរនាំរួចបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញម៉ូតូពីក្រុមចោរ ដែលធ្វើសកម្មភាពលួចពិតប្រាកដមែន។

 បន្ទាប់ពីទទួលបានចម្លេីយសារភាពកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបន្តស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់បន្ថែមទៀតនៅចំណុចបន្ទប់ជួលមួយកន្លែង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យទាំង១០នាក់ បានសារភាពថា ពួកខ្លួនពិតជាបានលួច រក្សាទុក ចែកចាយសារធាតុញៀនដោយខុសច្បាប់ និងទទួលផលចោរកម្ម ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

ជនសង្ស័យទាំង១០នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕