2023-06-23 05:06
201

 

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីប្រជានេសាទ នៅលើផ្ទៃទឹកបឹងទន្លេសាប ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ថា ប្រជាពលរដ្ឋច្រើននាក់បានព័ទ្ធចាប់ជនសង្ស័យចោរលួចយ៉ាងសកម្ម១ក្រុម ដែលតែងតែធ្វើសក្មភាពនៅលើផ្ទៃទឹកបឹងទន្លេសាប មានគ្នាប្រមាណ០៤នាក់ នៅចំណុចមាត់ពាម ភូមិមាត់ខ្លា ឃុំអន្ទង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ប្រគល់ជូនសមត្ថកិច្ចខេត្តពោធិ៍សាត់ដើម្បីបន្តនីតិវិធី ។


លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ បានឲ្យដឹងព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះថា ជនសង្ស័យ(ចោរលួច)ទាំង០៤នាក់ ទី១. ឈ្មោះ គឹម គ្រី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិចំរេះ ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប ទី២. ឈ្មោះ ទី គឹមឡា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិថ្នល់ចែក ឃុំដំដែក ស្រុកសូតនិគម ខេត្តសៀមរាប ទី៣. ឈ្មោះ វួច បូរី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិស្ពានវែង ឃុំកំពង់ឃ្លាំង ស្រុកសូតនិគម ខេត្តសៀមរាប និងទី៤ ឈ្មោះ វួច បូរិន្ទ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិស្ពានវែង ឃុំកំពង់ឃ្លាំង ស្រុកសូតនិគម ខេត្តសៀមរាប ។
លោក ស្នងការរងឲ្យដឹងទៀតថា វត្ថុតាង និងសម្ភារៈ រួមមាន ៖ កាណូត១គ្រឿង ម៉ាស៊ីនកាណូត៣គ្រឿង អាគុយ២ធុង ឧបករណ៍ឆក់ត្រី១កំប្លេ និងឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់(ជក់)គ្រឿងញៀន១កំប្លេ ចំពោះជនសង្ស័យទាំងចំនួន៤នាក់ ធ្វើតេស្តទឹកនោម(វិជ្ជមាន+)ករណីនេះមន្រ្តីជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ៕