2023-04-06 05:04
299

កំពង់ស្ពឺ៖ ​   ពិតជាគួរឱ្យអាណោចអាធ័មណាស់ កម្មករលើកដាក់សម្ភារៈអេតចាយម្នាក់ ត្រូវក្រចាប់អេស្ការវ៉ាទ័រកៀបលលាក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយតៃកុងបញ្ជាគ្រឿងចក្រខុសបញ្ចេកទេស និងបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

ករណីគ្រោះថ្នាក់ការងារនេះ បានកើតឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះវេលាម៉ោង ០៨និង០០នាទី នៅចំណុចបឃ្លាំងស្តុកអេតចាយ ក្រុមហ៊ុន ម៉ាញ់ ផាត អ៊ីមផតអ៊ិចផត ត្រេន ឯ.ក ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឧដុង្គ បានឱ្យដឹងថា កម្មករបម្រើការងារក្នុងក្រុមហ៊ុន ម៉ាញ់ ផាត អ៊ីមផតអ៊ិចផត ត្រេន ឯ.ក បានស្លាប់ដោយក្រចាប់អេស្កាវ៉ាទ័រ កៀបចំក្បាល់ស្លាប់ភ្លាមៗតែម្តង។ ប្រភពបន្តទៀតថា ជនរងគ្រោះឈ្មោះថន ឌន ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ។

នគរបាលបានឱ្យដឹងទៀតថា ចំពោះអ្នកបញ្ជាគ្រឿងចក្រ អេស្កាវ៉ាទ័រលើកដាក់អីវ៉ាន់ មានឈ្មោះជិន សុវណ្ណ ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិស្តុកស្លាត ឃុំភ្នំតូចជាមួយគ្នា។

តាមការបំភ្លឺពីឈ្មោះ ជិន សុវណ្ណ បានឲដឹងថា មុនពេលកើតហេតុ ពួកខ្លួនមានគ្នា ចំនួន០៤នាក់ រួមមាន៖ ទី១- ឈ្មោះ ហែល គីមហាក់ ភេទប្រុស អាយុ ២៩ឆ្នាំ ,ទី២- ឈ្មោះ មាស សាត ភេទប្រុស អាយុ ៣៣ឆ្នាំ ,ទី៣- ឈ្មោះ ថន ឌន ជាជនរងគ្រោះ និងរូបខ្លួនបានមកធ្វើការងារដូចរាល់ដង ពេលនោះរូបខ្លួនបានឡើងបញ្ជាអេស្ការសម្រាប់ចាប់យកដែកហើយជនរងគ្រោះបានយកខ្សែកាបមកពាក់លើដែកអេស្ការហើយធ្វើសញ្ញាឲចាប់កាបទាញឡើងលើជនរងគ្រោះនៅឈរក្បែរនោះបាំងមើលមិនឃើញក្រចាប់អេស្ការបានចាប់ត្រូវចំក្បាលបណ្តាលឲ្យស្លាប់។

បើតាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា ករណីកម្មករធ្វើការក្នុងរោងចក្រអេតចាយ ក្រុមហ៊ុន ម៉ាញ់ ផាត អ៊ីមផតអ៊ិចផត ត្រេដ ឯ.ក ខាងលើនេះ ត្រូវបានថៅកែរោងចក្រទូទាត់សំណងទៅឱ្យខាងសាច់ញាតិក្រុមគ្រួសារ ជនរងគ្រោះរួចរាល់ហើយដើម្បីបញ្ចប់រឿងមិនឱ្យបែកធ្លាយដល់សមត្ថកិច្ច និងតុលាការឡើយ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុលើកឡើងថា ករណីស្លាប់កម្មករខាងលើនេះ មិនដឹងជាករណីអ្វីឱ្យពិតប្រាកដនោះ សូម្បីតែសាច់ញាតិបងប្អូន និងសមត្ថកិច្ចត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងផ្តេសផ្តាសនោះ ពួកគាត់ដាក់ការសង្ស័យថា ជាករណីផ្សេងហើយ ទើបថៅកែរោងចក្រចង់បិទបាំងព័ត៌មានបែបនេះ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ក្នុងខេត្តកំពង់ស្ពឺ គួរពិពិនិត្យ និងធ្វើកោសល្យវិច្ច័យឱ្យបានច្បាស់លាស់លើរឿងស្លាប់របស់កម្មករនេះ ដើម្បីស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះ និងក្រុមគ្រួសារ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕