2023-08-13 09:08
207


មណ្ឌលគិរី៖ ក្រុមរថយន្ត off-road គោព្រៃមណ្ឌលគិរី និង ក្រុមរថយន្ត off-road CamCar Racing Performance បានទៅចូលរួមប្រគួតជាលក្ខណៈអន្តរជាតិ នៅខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវចាប់ផ្តើមពីថ្ងៃទី១១ ខែសីហា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។ 
   លោក ទូច រស្មី ប្រធានក្លឹបរថយន្ត off-road គោព្រៃមណ្ឌលគិរី បានឲ្យដឹងថា ក្រោយទទួលបានការអញ្ជើញពីគណៈ កម្មការប្រគួត នៅប្រទេសវៀតណាម    លោកបានសហការជាមួយក្រុមរថយន្ត off-road CamCar Racing Performance ដឹកនាំយករថយន្តចំនួនពីរគ្រឿង ដើម្បីចូលរួមប្រគួតជាលក្ខណៈអន្តរជាតិ។    ការចេញដំណើរទៅប្រគួតនេះ ក្រុមលោកបានធ្វើដំណើរតាមច្រកទ្វារព្រំដែនទ្វេភាគីដាក់ដាំ ក្នុងស្រុកអូររាំង ឆ្ពោះទៅទីលានប្រគួតដែលមានចម្ងាយប្រមាណ ១៤០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ 
   លោក ទូច រស្មី បានបន្តថា ក្រុមរថយន្ត off-road គោព្រៃមណ្ឌលគិរី  និងក្រុមរថយន្ត off-road CamCar Racing Performance កាលពីដើមឆ្នាំ២០២៣ ធ្លាប់បានសហការរៀបចំការប្រគួតប្រណាំងរថយន្តខ្នាតអន្តរជាតិ បានយ៉ាងជោគជ័យ នៅទីលាន១២ម៉ូតូផាត និងទទួលបានគាំទ្រពីមហាជន ជាពិសេសថ្នាក់ដឹកនាំខេត្តជាខ្លាំង ។ 
   លោក ស៊ន សារុន អភិបាលខេត្តមណ្ឌលគិរីស្តីទី ថ្លែងទៅកាន់ក្រុមកីឡាករប្រណាំងរថយន្តដែលតំណាងឲ្យប្រទេសកម្ពុជា ជាពិសេស ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បានលើកទឹកចិត្តក្រុមកីឡាករ និងអ្នកចូលរួមគាំទ្រ ដែលចំណាយពេលវេលាចូលរួមប្រគួត នៅប្រទេសវៀតណាម ឲ្យទទួលបានជោគជ័យ១០០% នាំកិត្តិយសជូនជាតិមាតុភូមិ។

   លោក ស៊ន សារុន បន្ថែមថា ទោះបីកីឡាប្រណាំងរថយន្តឆ្លងឧបសគ្គ មិនមែនជាកីឡាបែបប្រពៃណីរបស់ខ្មែរ ប៉ុន្តែបច្ចុប្បន្ន កីឡាប្រភេទនេះ ទទួលបានប្រជាប្រិយភាព ពីមហាជនគ្រប់ស្រទាប់វណ្ណៈ ដែលជាឱកាសបង្ហាញពីសក្តានុពលវិស័យទេសចរ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ក្នុងខេត្ត មណ្ឌលគិរីច្រើន នៅពេលមានកម្មវិធីប្រគួតក្នុងខេត្ត ដោយបានហ៊ុចផលប្រយោជន៍ជូនប្រជាពលរដ្ឋយ៉ាង ក្រាស់ក្រែល។ 
   លោក ឡយ ភាឡី ជាកីឡាករម្នាក់ ដែលត្រូវចូលរួមប្រគួតប្រណាំងប្រជែងនៅក្នុងព្រឹត្តិការណ៍ខ្នាតអន្តរជាតិ នៅឯប្រទេសវៀតណាម មានជំនឿចិត្តយ៉ាងមុតមាំ អាចយកជ័យជន្នះនាំយកពានរង្វាន់ពីការប្រគួតមួយនេះ បង្ហាញឲ្យអន្តរជាតិបានឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់កូនខ្មែរ ។ 
   សូមបញ្ជាក់ថា រថយន្តសម្រាប់ការប្រគួតក្នុងកម្មវិធីខាងលើមានចំនួនពីរគ្រឿង ចំណែករថយន្តដែលត្រូវចូលរួមអមមាន ចំនួន ០៦គ្រឿង មនុស្សមនុស្ស ចំនួន ១៨នាក់ បូករួមទាំងក្រុមកីឡាករ និងក្រុមជាងជួសជុលរថយន្តផងដែរ៕