2023-12-18 02:12
165

បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ នៅក្នុងដីចំការមួយកន្លែង ក្នុងភូមិសាស្ត្រស្រុកសំឡូត តាមដីការបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ ពីបទ «រំលោភលើទំនុកចិត្ត»

 តាមប្រភព័ត៌មានបានឱ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនលោកផ្កាយខាងលើ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ ខណៈពេលកំពុងធ្វើដំណើរទៅដល់ដីចម្ការរបស់គាត់នៅស្រុកសំឡូត ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ។

 តាមប្រភពព័ត័មានបានឱ្យដឹងថា លោកផ្កាយ២ ប៉ិ វ៉ាន់ មានឈ្មោះហៅក្រៅថា «គ្រូឡុង» ជានាយកសាលានគរបាលជាតិភូមិភាគ៥ មានរឿងអាស្រូវពាក់ព័ន្ធសំណុំរឿងជម្លោះដីធ្លី ស្ថិតនៅភូមិសាស្ត្រស្រុកសំឡូត និងមានការរំលោភយកដីធ្លីរបស់អ្នកដទៃរាប់សិបហិកតាផងដែរ។

 យោងដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនលេខៈ ៧ ដកឧ/២៣ ចុះថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ ចេញដោយលោក សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ ដែលក្រុមការងារ MSJ TV ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖ ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ ៥៤ឆ្នាំ ជាមន្ត្រីនគរបាល មានទីកន្លែងកំណើតឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នមានទីលំនៅផ្ទះលេខ៨៣ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន ពីបទៈ «រំលោភលើទំនុកចិត្ត» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ មាត្រា ៣៩២នៃក្រមព្រហ្មទណ្ឌ ។ 

 តាមអំណាចសាលដីកាខាងលើ ជនត្រូវចោទឈ្មោះ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិ៥ នឹងត្រូវសមត្ថកិច្ចបញ្ជូនបន្តទៅឃុំខ្លួនក្នុងមណ្ឌលកែប្រែទី១ (ម១) រាជធានីភ្នំពេញជាបណ្តោះអាសន្ន៕