2024-01-18 10:01
77

ក្រុងប៉ោយប៉ែត៖     ផ្ទុះពេញបណ្ដាយសង្គមក្រោយ  បែកធ្លាយរឿងអាស្រូវ នៅពីក្រោយមូលហេតុដែលព្រះអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ប្រកាសធ្វើពិធីលាចាកសិខាបទដោយត្រឹមត្រូវ បន្ទាប់ពីត្រូវបានស្រ្តីវ័យក្មេងម្នាក់ ប្តឹងសមត្ថកិច្ចចោទពីបទរំលោភសេពសន្ថវៈ ហើយបញ្ចប់រឿងអោយក្មេងស្រីរងគ្រោះដកពាក្យបណ្តឹង ត្រឹមលុយបីពាន់ដុល្លា ជាមួយនិងពាក្យប្រមាថទុកភាពអាម៉ាស់ និងវិប្បដិសារីដល់ស្រី្តរងគ្រោះ។

យោងតាមពាក្យបណ្តឹង របស់ស្រ្តីរងគ្រោះអាយុ២២ឆ្នាំ ដោយសុំមិនបញ្ចេញឈ្មោះ មានទីលំនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងទៅអង្គការ និងសមត្ថកិច្ចជួយរកយុត្តិធម៌ ពីបទរំលោភសេពសន្ថវៈ ពីបុគ្គលជាសង្ឃខាងលើ បានចាប់រំលោករូបនាងកាលពីជិតភ្លឺថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះសំណាក់មួយកន្លែង នៅខេត្តសៀមរាប ។

ក្នុងបណ្តឹងស្រ្តីរងគ្រោះ បានរៀបរាប់ទៀតថា មុនដែលឈានដល់ការចាប់រំលោភរូបនាង ក្នុងផ្ទះសំណាក់ គឺ រូបនាងជាមួយនិងលោករួមជាមួយតៃកុងរថយន្តរបស់លោក កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើដំណើរទៅកម្មវិធីបញ្ចុះសីមា នៅខេត្តព្រះវិហារ លុះមកវិញយប់ជ្រៅដល់ខេត្តសៀមរាប លោកចូលសឹងនៅផ្ទះសំណាក់សិន ដោយបន្ទប់ផ្សេងគ្នា តែបន្ទប់លោកនៅទល់មុខបន្ទប់នាង លុះដល់ម៉ោង៣ជិតភ្លឺចូលថ្ងៃទី៤ ស្រាបតែលោកគ្រូខលហៅរូបនាង ចូលមកបន្ទប់លោកគ្រូបន្តិចមានការ នៅពេលដែលនាងទៅចូលទៅដល់ ស្រាប់តែលោកគ្រូចាប់នាងរុញដួលទៅលើគ្រែលោកសឹង រួចចាប់សង្កត់នាងចាប់ស្រាតខោ និងដោះអាវនាងរំលោភបានសម្រេចមួយដង នៅពេលរំលោកភរួចហើយ លោកបានគម្រាមនាងមិនអោយនិយាយប្រាប់អ្នកណាទេ សូម្បីតែពុកម្តាយនាង ហើយលោកថា នឹងទទួលខុសត្រូវលើរូបនាងគ្រប់យ៉ាង តែសូមអោយចាំលោករយៈពេលពីរឆ្នាំទៀតចាំលោកធ្វើសាលាឆាន់ និងខ្លោងទ្វាររួចលោកនឹងសឹកដណ្តឹងនាង។

បន្ទាប់ពីចាប់រំលោភរូបនាងមក លោកតែងលួងលោមនិងទំនាក់ទំនងមកនាងជាញឹកញាប់ បានប្រហែលពីរខែកន្លះ ក៏ដោះដៃលែងទំនាក់ទំនងមកនាង និងប្លុកហ្វេសបុករបស់នាងចោលអស់។ លុះពេលនាងទៅរកលោក ឬទាក់ទងគ្នាបានលោកគ្មាននិយាយអ្វីក្រៅពីសុំនាងខ្ញុំរួមភេទបន្ថែមទៀតហើយនៅពេលដែលស្ងាត់ពីមុខគេ លោកតែងបំពានលើរូបរាងកាយនាង។

ក្រោយដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈ សមត្ថកិច្ចមិនបានដោះស្រាយតាមផ្លូវច្បាប់អោយរូបនាងឡើយ គឺ មានតែអ្នកសំឡុតបំភិតបំភ័យនាងថា ប្តឹងមិនឈ្នះលោកទេ ប្រយ័ត្នលោកប្តឹងវិញបើទៅតុលាការ ក៏មិនងាយព្រោះរឿងយូរហើយ មិនមានភស្តុតាងអ្វីឡើយ អោយដកពាក្យបណ្តឹងយកលុយពីលោកទៅ។ ដោយសារតែខ្លួននៅក្មេង និងមានឪពុកម្តាយមានជីវិភាពក្រីក្រ គ្មានលទ្ធភាពតតាំង ឪពុកម្តាយរបស់នាងក៏អោយនាងព្រមដកពាក្យបណ្តឹង កាលពីសប្តាហ៍ ដើមឆ្នាំ២០២៤ ទាំងនាងមិនចង់ គឺ ចង់ប្តឹងបន្តទៅតុលាការ។ ការដកពាក្យបណ្តឹងនេះ បានត្រឹមតែឈឺចាប់ បង្ខំអោយនាងដកពាក្យបណ្តឹងបញ្ចប់រឿងត្រឹមសំណង៣ពាន់ដុល្លា និងពាក្យប្រមាថហើយបែបជាលោកត្រូវ ប្រកាសលាចាកសិក្ខាបទ ដូចមិនមានរឿងអ្វីសោះនៅថ្ងៃទី១៨,១៩ ខែមករា ២០២៤ ខាងមុខនេះ។

ជុំវិញរឿងបណ្តឹងរបស់ស្រី្តរងគ្រោះ ប្តឹងនេះព្រះសមណញាណ ណាប់ ម៉ឺន ជាព្រះវិជយានុរ័ត្ន បាឡាតគណខេត្តបន្ទាយមានជ័យ បានមានសង្ឃដីកាថា ខាងរដ្ឋប្បវេណី ឬព្រហ្មទ័ណ្ឌ លោកមិនបានដោះស្រាយទេ តែចំពោះវិន័យសាសនា បានប្រជុំដោះស្រាយកាលពីពីរថ្ងៃមុន ដោយមានខាងលោក យឹម សំណាង អភិបាលរងខេត្ត ចូលរួមខាងមន្ទីរធម្មការចូលរួមដោះស្រាយ តាមបណ្តឹងដែលប្តឹងលោកអនុគណក្រុងប៉ោយប៉ែត ពីបទ រំលោភសេពសន្ថវៈ តែដោយលោកទទួលស្គាល់តាមបណ្តឹង និងព្រមសឹកនិងលោកបានដោះស្រាយផ្នែករដ្ឋប្បវេណី ដល់អ្នកប្តឹង គឺ មិនមានទោសវិន័យអ្វីផ្សេងទៀតឡើយ។ តែបើសាម៉ីខ្លួនមិនព្រមទទួលកំហុស នៅថ្ងៃទី២៤ ខាងមុខ នឹងហៅសាម៉ីខ្លួនទាំងសងខាង ប្រជុំដោះស្រាយបន្ថែមទៀត។

ជុំវិញករណីនេះដែល ទោះបីជាភ្នាក់ងារយើងសុំការបំភ្លឺ ពីព្រះអនុគណក្រុងប៉ោយប៉ែត ប៉ុក ចំរើន យ៉ាងណាក៏ដោយក៏លោកមិនបំភ្លឺដែរ ដោយលោកគ្រាន់តែថា ថ្ងៃស្អែកលោកសឹកហើយ។ ជាមួយនឹងការសឹកដោយបង្ខំ និងស្ងាត់ៗសឹកបែបនេះ ត្រូវបានតាជី យាយជី អាចារ្យវត្ត និងពុទ្ធបរិស័ទ ដែលមិនដឹងរឿង មានការភ្ញាក់ផ្អើលនិងឆ្ងល់គ្រប់គ្នា ក្នុងនោះក៏ធ្វើអោយមេជាងទទួលម៉ៅការសំណង់ ក្នុងវត្តព្រួយបារម្ភ ក្រែងមិនមានអ្នកទទួលខុសត្រូវបន្ត៕