2024-03-03 05:03
156

ភ្នំពេញ៖ ស្ត្រីជនសង្ស័យម្នាក់ ដែលមានអង្គការចាត់តាំងដើម្បីធ្វើការឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាពីជនរងគ្រោះម្នាក់ អស់ចំនួន ៤ ០០០ដុល្លរ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការបគរបាលជាតិ ស្រាវជ្រាវបង្ក្រាបដោយឃាត់ខ្លួនកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ ចាប​ សាវី​ ហៅបុក ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចាប់ខ្លួននៅចំណុច ភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ។

នាយកដ្ឋានគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ វេលាម៉ោង១២និង៣៦នាទី​ នៅភូមិទឹកក្រហម​ ឃុំកណ្ដោល​ ស្រុកទឹកឈូ​ ខេត្តកំពត​ មានករណី​ ឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា)​​ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ​ ថុន​ សុនៀវ​ ភេទស្រី​ អាយុ ២៨ឆ្នាំ​ នៅភូមិទឹកក្រហម​ ឃុំកណ្ដោល​ ស្រុកទឹកឈូ​ ខេត្តកំពត​ ខាតបង់ប្រាក់ចំនួន៤,០០០ដុល្លារ។

នគរបាលបានឲ្យដឹងថា ក្រុមឆបោកជាប្រព័ន្ធនេះ ពួកគេជាក្រុមមានការចាត់តាំងមានគូកនច្រេីននាក់​ បែងចែកភារកិច្ចរៀងៗខ្លួន​ ធ្វេីសកម្មភាពហែកគណនីធនាគារ​យកទៅប្រេីប្រាស់​ និងទិញគណនីធនាគារ​ ដេីម្បីផ្ទេរប្រាក់បន្ដ។ ក្រុមនេះបានធ្វេីសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ​ឲ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្ដទៅគណនីដែលបានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប​ សាវី​ ហៅបុក ភេទស្រី​ អាយុ ៣៩ឆ្នាំ​​ រស់នៅភូមិពោធិ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម​ ជាអ្នកប្រមូលទិញគណនីធនាគារ។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីសុំធ្វើការសហការការស្រាវជ្រាវ ដោយតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​តែម្តង។

ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៤​ វេលាម៉ោង១១និង៣០នាទី  កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតចុះឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕