2024-01-18 02:01
88

(ព្រះវិហារ)៖ លោក ដួង សំនៀង អនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកជាំក្សាន្ត និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំស្រអែម នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយមួយចំនួន យកទៅប្រគល់ជូនលោកយាយ សឿ យ៉ា អាយុ៧១ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានជីវភាពខ្វះខាត ថែមទាំងចិញ្ចឹមចៅប្រុស ស្រី កំព្រាឪពុកម្តាយចំនួន៧នាក់ ក្នុងបន្ទុក។

ដោយមើលឃើញពីការលំបាករបស់ក្រុមគ្រួសារ លោកយាយខាងលើ ក្នុងការបន្ទោបង់ដោយពុំមានបង្គន់អនាម័យត្រឹមត្រូវនោះ លោក ដួង សំនៀងនិងភរិយា ព្រមទាំងក្រុមការងារ បានសាងសង់បង្គន់អនាម័យថ្មី១ខ្នង ទំហ៊ំ១.៥ម៉ែត្រ គុណ២ម៉ែត្រ ប្រក់ដំបូលស័ង្គសី ដោយចំណាយថវិកាអស់ចំនួន១,៦៨៦,៥០០រៀល បានប្រគល់ជូនគាត់នៅពេលនេះដែរ។

ជាមួយនឹងការប្រគល់បង្គន់អនាម័យ ដែលទើបសាងសង់រួច១០០% លោក ដួង សំនៀង រួមជាមួយក្រុមការងារ និងអាជ្ញាធរ ភូមិ ឃុំ ក៏បានប្រគល់ថវិកាចំនួន៤០០,០០០រៀលបន្ថែមទៀត សម្រាប់លោកយាយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃគ្រួសារផងដែរ៕