2023-10-19 11:10
251

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមប្រឹក្សាស្រុកក្រគរ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលា ដោយបានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ 

លោក ខូយ រីដា បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំស្រុកនិងក្រុមប្រឹក្សាឃុំទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាពនិងការរីកចម្រើន ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។ 

លោកអភិបាល បានលើកឡើងថាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបន្តនូវការអនុវត្តគោលនយោបាយ «ឈ្នះ-ឈ្នះ» បានធ្វើប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសមានស្ថិរភាពនយោបាយរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនខ្លាំងក្លាលើគ្រប់វិស័យ៕ លាន   គ្រន