2024-03-22 08:03
34

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ អង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ៖ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦៖៤០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅ គោលដៅទី១៖ ចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២៖ ចំណុចខនដូរផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 
   សមត្ថកិច្ចបញ្ជាក់ថា ៖ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួន ជនល្មើស២នាក់៖ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជនជាតិវៀតណាម អាយុ៤៥ឆ្នាំ និងឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។ គ្រឿងញៀនដែលចាប់យកបានរួមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ ក្រាម (ជិត៦០០គីឡូក្រាម), អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ ក្រាម (ជិត៥០គីឡូក្រាម), កេតាមីន (KETAMINE) ទម្ងន់ ៧ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ជា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។

  បច្ចុប្បន្នជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕