2023-12-14 10:12
118

(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន៩៤០ប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
   អភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ ដែលនឹងបន្តដំណើរការ កែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ សំដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។
   លោកបានជំរុញមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមការគ្រោងទុក ជាពិសេស រាល់ការចុះធ្វើ ឬចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទាលុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។
   បន្ថែមពីលើនេះ លោកអភិបាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរស្រុកមុខកំពូល និងកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវ សហការគ្នាក្នុងការបង្កាបល្បែងស៊ីសងខុសច្បាប់ ពិសេសល្បែង online ផ្សេងនៅតាម ហាងកាហ្វេ តាមទៀមនានាជាច្រើនស្កេកស្កះទូទាំងខេត្ត និងបទល្មើសគ្រឿងញៀន កុំឱ្យកើតមាននៅមូលដ្ឋាន ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ដើម្បីបន្តកិច្ចការ អភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការងារដោះស្រាយបញ្ហា សំណូមពរនានា របស់ប្រជាពលរដ្ឋ។
   លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានឱ្យដឹងថា នេះគឺជាលើកទី១៧ហើយ សម្រាប់ស្រុកមុខកំពូល ក្នុងការរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធិ ចំនួន ០១ភូមិ គឺភូមិលើ ឃុំព្រែកអញ្ចាញ សរុបចំនួន ៩៤០ប័ណ្ណ។
   លោកអភិបាលស្រុកមុខកំពូល បានលើកឡើងថា រដ្ឋបាលស្រុកបាននិងកំពុងខិតខំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងអនុវត្តការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនពលរដ្ឋ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងការចង្អុល បង្ហាញណែនាំដោយផ្ទាល់ពីលោក គង់ សោភ័ណ្ឌ ឱ្យមានប្រសិទ្ធភាព និងជោគជ័យតាមផែនការដែលបានគ្រោងទុក។
   តាមរយ:ការខិតខំនេះជាលទ្ធផល នៃការងារចុះបញ្ជីដីធ្លីជា លក្ខណៈប្រព័ន្ធ សម្រាប់ស្រុកមុខកំពូល រហូតមកដល់ពេលនេះ បានបិទបញ្ចប់ការងារចុះបញ្ជីដីធ្លីជា លក្ខណៈប្រព័ន្ធ ចំនួន ៣ឃុំ គឺឃុំរកាកោងទី១ ឃុំរកាកោងទី២ និងឃុំសំបួរមាស និងបានធ្វើការចែកប័ណ្ណ ជូនប្រជាពលរដ្ឋ សរុបចំនួន ១៦លើក ស្មើនឹង ២០,៧៥០ប័ណ្ណ និងកំពុងបន្តអនុវត្តលើការចុះបញ្ជីដី ក្នុងឃុំចំនួន៤ ទៀត គឺ ឃុំព្រែកអញ្ចាញ ឃុំឫស្សីជ្រោយ ឃុំព្រែកដំបង និងឃុំស្វាយអំពារ៕