2023-12-24 01:12
128

ខេត្តស្វាយរៀង៖ មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលមកពីព្រះសង្ឃប្រមូលសំរាមដុតជាភ្នក់ភ្លើង ឆាបឆេះរាលដាលដល់រោងដាក់ឈើមួយកន្លែងនៅក្នុងវត្តស្វាយចេកចាស់ ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ទាំងយប់។
   ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ជាងយប់ ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅភូមិស្វាយចេក ឃុំ ស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោង៦ជាងយប់ព្រះសង្ឃគង់ក្នុងវត្ត បានប្រមូលសំរាមដុតជាភ្នក់ភ្លើង ហើយដល់ម៉ោងប្រមាណ៧-៨យប់ព្រះសង្ឃក៏បានឡើងទៅសឹងលើកុដិបាត់ទៅ។លុះដល់ម៉ោង១០យប់ជាង ស្រាប់តែឮសំឡេងបង្កការភ្ញាក់ផ្អើលព្រះសង្ឃក្នុងវត្តកំពុងសឹង ឡើងមកជួយពន្លត់ តែភ្លើងមិនអាចពន្លត់បានក៏រាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ប្រើរថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកទើបគ្រប់គ្រងបាន ១០០ភាគរយ។
    សមត្ថកិច្ចបញ្ជាក់ថា ក្នុងចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់អគ្គិភ័យនេះ ចាប់ពីម៉ោង១០ជាងយប់ថ្ងៃទី២៣ ដល់ម៉ោង ៥និង១៤នាទីទៀបភ្លឺ ទើបរលត់អស់គ្រប់គ្រងស្ថានការណ៍បាន ក្នុងនោះប្រើប្រាស់ទឹកពន្លត់អគ្គិភ័យអស់ប្រមាណជាង២០រថយន្ត។ រថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់នេះ គឺមកពីតាមបណ្តាស្រុកក្រុងក្នុងខេត្តស្វាយរៀង ដែលរួម មានកម្លាំងនគរបាល និងអាវុធហត្ថ។
    សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះគំនរឈើ ដែលឆេះនោះគេពុំទាន់ដឹងថាខូចខាតអស់ប៉ុន្មាននៅឡើយទេព្រោះសមត្ថកិច្ចកំពុងធ្វើការ ហើយក្នុងហេតុការណ៍នេះ មិនបង្កឲ្យរាលដាលឆេះដល់កុដិ ឬសមិទ្ធផលផ្សេងៗក្នុងវត្តនោះទេ គ្រាន់តែឆេះរោងដាក់ឈើ ដែលលោកទុកប្រើប្រាស់ គឺឆេះអស់ស្ទើរទាំងស្រុងតែម្តង៕