2023-10-19 05:10
389

ខេត្តសៀមរាប៖ សមត្ថកិច្ចដែលបានចុះជួយអន្តរាគមន៍បានឲ្យដឹងថា ៖ រហូតដល់ម៉ោងជាង១០ព្រឹក នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនៅពុំទាន់រកឃើញក្មេងប្រុសម្នាក់ដែលធ្លាក់ពីលើទូកស្មាច់នៅឡើយ។

ថ្លែងប្រាប់អង្គភាព សារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍បានកើតឡើង ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង០៧ និង០០នាទី ស្ថិតក្នុងភូមិឪម៉ាល់ ប៉ែកខាងលើចំណាយពីស្ពាន លោក បណ្ឌិត អ្នកឧកញ្ញា សៀង ណាំ ប្រវែង៤០០ម៉ែត្រ។ កុមាររងគ្រោះ ឈ្មោះ ចយ ចេង ភេទប្រុសអាយុ៣ឆ្នាំ។

សមត្ថកិច្ចបានថ្លែងបន្តថា ករណីនេះ មូលហេតុ ដែលបណ្តាលអោយក្មេងធ្លាក់ទឹកដោយសារឪពុក ឈ្មោះ ភឿត សិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិគោកគ្រូច  ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្ត សៀមរាប បានបើកទូកស្មាច់ដឹកកូនទៅកាប់អុស ដល់ចំណុចកើតហេតុ ឪពុក ឈ្មោះ ភឿត សិទ្ធ បានបើកក្នុងល្បឿនលឿន ដើម្បីឡើងវ៉ាស្មាច់ម្ខាងទៀត ក៏ត្រូវរលកស្មាច់នោះបោកក្រលែង បណ្តាលអោយធ្លាក់ក្មេងចូលទៅក្នុងស្ទឹងបាត់ទៅ។

ទោះជាយ៉ាងណាជុំវិញករណីនេះក្រុមសមត្ថកិច្ចកំពុងស្វែងរកផងដែរ ដោយបញ្ចេញទូកជាច្រើន ទាំងយប់ ព្រឹក ថ្ងៃ ភ្លៀងយ៉ាងណាក៏ដោយ ដើម្បីស្វែងរកកុមារដែលបាត់ខ្លួននេះ ៕