2024-02-13 03:02
67

 គណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ជាមួយអង្គបោះឆ្នោត មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌ ចំនួន៥០ នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុក                បេសកកម្ម ពិសេស ក្នុងនោះក៏បានធ្វើការណែនាំឱ្យសមាជិក សមាជិកា អង្គបោះឆ្នោត ផ្សព្វផ្សាយ អំពីគោលការណ៍ចម្បងសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភាឱ្យបានទូលំទូលាយ ស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងរូបសញ្ញារបស់គណបក្សលើសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត និងណែនាំអំពី របៀបគូសសន្លឹកឆ្នោត ដល់អង្គបោះឆ្នោតទាំងអស់ សំដៅដណ្ដើមប្រៀបឈ្នះឱ្យបានដាច់ខាត ក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនិងប្រព្រិត្តទៅ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ 

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖មានគណបក្សនយោបាយចំនួន៤ បានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គឺមានគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយ ៣ផ្សេងទៀត មានសមាជិក៦២រូប ក្នុងនោះ២រូប តែងតាំងដោយព្រះមហាក្សត្រ ២រូប បោះឆ្នោតជ្រើសតាំង ដោយរដ្ឋសភា តាមមតិភាគច្រើន និង៥៨រូបទៀត ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតជា          អសកលដែលមានក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងតំណែង និងអ្នកតំណាងរាស្ត្រ ក្នុងតំណែងជាអង្គបោះឆ្នោត។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានធ្វើការផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានាពាក់ព័ន្ធទៅនឹងការបោះឆ្នោត ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងឈរឈោ្មះជាប្រធានព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់ នៃអំណាចនីតិប្បញ្ញត្តិ។

 សូមបញ្ជាក់បន្ថែមនៅក្នុងឪកាសនោះដែរលោក ឯក ឃុនដឿន ប្រធានគណបក្សខណ្ឌឫស្សីកែវ ក៏បានណែនាំនិងបង្រៀនដល់អង្គបោះឆ្នោតទាំង៧សង្កាត់ ពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដែលយកជាការបាន និងបោះឆ្នោតសាកល្បង ជៀសវាងធ្វើឱ្យខូចសន្លឹកឆ្នោតបង្កឲ្យបាត់សម្លេង។

លោកប្រធានគណបក្សខណ្ឌ បានលើកឡើងថា៖លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ទាំង៧ ដែលបានខិតខំសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២២-២០២៧ បម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិ គឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សឈានទៅអនុវត្តយុទ្ធសាស្ត្រ           បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលមានបាវចនា ចំនួន៥គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងមានអាទិភាព គន្លឹះចំនួន៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង                បច្ចេកវិទ្យា» ដែលជាគ្រឹះ និងជាមធ្យោបាយសំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០៕