2024-03-29 03:03
35

រាជធានីភ្នំពេញ៖ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា ( Aedes Albopictus)ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ហ្សាកកេ ពើលែត (Jacques Pellet) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា រួមនិង ថ្នាក់ដឹកនាំ បុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងអ្នកវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ ចំនួន ១០១ រូប មកពី ២៣ប្រទេស ដែលសហការរៀបចំឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។

នៅក្នុងឪកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបបាល បានគួរបញ្ជាក់ថា គឺជាមោទនៈភាពដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា ( Aedes Albopictus) នេះជាលើកដំបូងដែលសន្និសីទមួយនេះធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ហើយជាលើកដំបូងដែលត្រូវបានរៀបចំដោយក្រុមការងារនៃបណ្តាញប៉ាស្ទ័រ ដែលសន្និសិទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្តង ដោយសង្កត់ធ្ងន់ទៅលើការសិក្សាស្រាវជ្រាវជុំវិញប្រធានបទដែលទាក់ទងនឹងប្រភេទមូសខ្លា (Aedes albopictus) ដូចជា ប្រព័ន្ធជីវសាស្ត្រ សមត្ថភាពក្នុងការចម្លងជំងឺ ការរាតត្បាត និងទម្រង់នៃការបំបែកខ្លួន និងតួនាទីរបស់វាដែលជាភ្នាក់ងារចម្លងបន្តក៏ដូចជាយុទ្ធសាស្ត្រថ្មីៗក្នុងការគ្រប់គ្រងការចម្លង និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្និសីទ្ធអន្តរជាតិរយៈពេលពីរថ្ងៃនេះ មានការពិភាក្សាយ៉ាងផុលផុស ព្រមទាំងនាំយកលទ្ធផលនៃការពិភាក្សានេះដើមី្បផ្តល់អត្ថប្រយោជន៍ មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះទៀតផង។ ព្រមជាមួយគ្នានេះ  ឯកឧត្តម បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការរួមចំណែកសហការ គាំទ្រ និងបន្តពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានភាពធន់ និងរឹងមាំ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “ លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន” ។