2023-04-07 03:04
325

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា,នាព្រឹកថ្ងៃទី៥ខែមេសាសមយុទ្ធ”នាគមាសឆ្នាំ២០២៣រវាងចិនកម្ពុជាបានបញ្ចប់ជាស្ថាពរដែលពិធីខាងលើត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា, នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឧត្តមនាវីទោ Wei Wenhui មេបញ្ជាការរងភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន, លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានអញ្ជើញចូលរួមពិធីបិទខាងលើ។

មុនពេលប្រារព្ធពិធីបិទ កងទ័ពចិននិងកម្ពុជាដែលចូលរួមសមយុទ្ធខាងលើនេះបានរៀបចំសមយុទ្ធចម្រុះសម្រាប់កងទ័ពក្នុងស្ថានភាពជាក់ស្ដែង ដោយផ្តោតសំខាន់លើប្រធានបទ”ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗនិងការជួយសង្រ្គោះមនុស្សធម៌” និងបានផ្អែកលើ”ការដោះស្រាយរួមគ្នារវាងចិននិងកម្ពុជាតបទល់ជាមួយស្ថានភាពបន្ទាន់មានដូចជាអំពើភេរវកម្មក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអន្តរជាតិសំខាន់ៗ”។ ភាគីទាំងពីរបានបង្កើតក្រុមកម្លាំងរួមគ្នា ដែលបញ្ជាដោយបញ្ជាការដ្ឋានរួម បែងចែកចេញជា៤ដំណាក់កាល គឺការហ៊ុមព័ទ្ធនិងគ្រប់គ្រងស្ថានភាពដោយរស់រវើក ការឆ្លើយតបក្នុងគ្រាអាសន្ន ការស្វែងរកអន្តរាគមន៍ដេញតាមបង្ក្រាប និងការប្រមូលផ្តុំជំរុញ សម្រេចបានការសមប្រយុទ្ធកងទ័ពពិតនិងគ្រាប់ពិតក្រោមប្រធានមុខវិជ្ជាទាំង១០មានដូចជា ការប្រុងប្រយ័ត្នខ្ពស់ហ៊ុមព័ទ្ធនិងគ្រប់គ្រង ការជួយសង្គ្រោះចំណាប់ខ្មាំង ការកម្ចាត់មេរោគក្នុងស្ថានភាពជំងឺវីរុស និងការបោសសម្អាតមីនជាដើម។

ក្រោយពីបញ្ចប់សមយុទ្ធខាងលើ ពិធីបិទសមយុទ្ធរួមគ្នាក៏ត្រូវបានរៀបចំឡើង។ មេបញ្ជាការកងទ័ពចិននិងកម្ពុជាដែលចូលរួមសមយុទ្ធបានរាយការណ៍ពីស្ថានភាពនៃសមយុទ្ធជារួម។ ឧត្តមនាវីទោ Wei Wenhui និងសម្ដេចពិជ័យសេនាបានឡើងថ្លែងសុន្ទរកថា និងបានប្រគល់វិញ្ញាបនបត្រកិត្តិយសដល់តំណាងនាយទាហានឆ្នើមក្នុងសមយុទ្ធខាងលើ។ ភាគីទាំងពីរបានលើកឡើងថា សមយុទ្ធរួមគ្នា”នាគមាស ឆ្នាំ២០២៣”រវាងចិន-កម្ពុជា គឺជាវិធានការសំខាន់ដែលអនុវត្តតាមការកំណត់ជូនរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរស្តីពីរួមគ្នាកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជានៅក្នុងយុគសម័យថ្មី គឺជាវេទិកាសំខាន់សម្រាប់ទំនាក់ទំនងកងទ័ពទាំងពីរសិក្សាពីគ្នាទៅវិញទៅមកនិងជាសមយុទ្ធជាក់ស្ដែងដើម្បីហ្វឹកហ្វឺនកងទ័ព បានឈានដល់គោលដៅពង្រឹងចំណងមិត្តភាពដែកថែបនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែស៊ីជម្រៅតាមការរំពឹងទុក។

ឧត្តមសេនីយត្រី Chen Mintian សេនាធិការរងនៃកងទ័ពជើងគោកក្នុងភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន, លោក Tang Hao អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា, ក្រុមសង្កេតការណ៍នៃ៩ប្រទេសក្នុងតំបន់អាស៊ាន និងអនុព័ន្ធយោធានៃប្រទេសជាច្រើនប្រចាំកម្ពុជា បានចូលរួមក្នុងពិធីខាងលើ៕