2024-01-03 10:01
84

(ភ្នំពេញ)៖      នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់គ្រប់បណ្ដាប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងមន្ដ្រីទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងដើរឲ្យទាន់សង្គមបច្ចេកវិទ្យាឌីជីថល ខណៈកន្លងទៅ និងមកទល់ពេលនេះ នៅមានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសនៅតាមទីជនបទ។
     ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករ នៃវិធានការគន្លឹះក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កេតឃើញថា នៅពេលរងគ្រោះប្រជាពលរដ្ឋតែងទៅដាក់ពាក្យបណ្ដឹង នៅតាមមូលដ្ឋាន ក៏ប៉ុន្ដែសមត្ថភាពនៃការជួយសង្គ្រោះរបស់មន្ដ្រីមូលដ្ឋានហាក់នៅមានកម្រិតនៅឡើយ។
   ដោយមើលឃើញពីបញ្ហាប្រឈមនេះ ទើបបានអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញប្រធានអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសស្នងការនគរបាលរាជធានី-ខេត្ត មកចូលរួមស្ដាប់នូវការផ្សព្វផ្សាយ និងស្ដាប់នូវការធ្វើបទបង្ហាញអំពីការគ្រប់គ្រង និងស្រាវជ្រាវលើបទល្មើសបច្ចេកវិទ្យា ដើម្បីជួយដល់ជនរងគ្រោះ។ នេះបើតាមការគូសបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ស ថេត។
    នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីយើងយល់ដឹងក្នុងការគ្រប់គ្រង ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបទៅលើបទល្មើសនេះ យើងត្រូវតែមានការយល់ដឹងអំពីបច្ចេកវិទ្យា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយនាយកដ្ឋានជំនាញដើម្បីជួយគ្នា។ យើងត្រូវទទួលមន្ដ្រីរបស់យើងមិនទាន់ទទួលបានការបណ្ដុះបណ្ដាលលើបញ្ហាអស់ទាំងនេះ ដូច្នេះបញ្ហាដែលកើតឡើងច្រើន»។
   បើតាមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, តំបន់ដែលមានប្រជាពលរដ្ឋរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យាច្រើន គឺនៅខេត្តមណ្ឌលគិរី, រតនគិរី, សៀមរាប និងរាជធានីភ្នំពេញផ្ទាល់តែម្ដង ដូច្នេះហើយមន្ដ្រីនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព ដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ លើការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពចំណុះរាជរដ្ឋាភិបាលកម្ពុជា។
     នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមទៀតថា នៅពេលមន្ដ្រីនគរបាលទទួលបានការបណ្ដុះបណ្ដាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបហើយនោះ គឺអាចពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីកលល្បិច នៃការបោកឆញ្ឆោទរបស់ក្រុមឧក្រិដ្ឋជន។ លោកថា នៅពេលសមត្ថកិច្ចគ្រប់គ្រងបទល្មើសនេះបាន នោះនឹងអាចឈានទៅការបង្ក្រាបបទល្មើសផ្សេងទៀត ដែលមានការពាក់ព័ន្ធបានដោយជោគជ័យផងដែរ។
      ក្នុងន័យនេះ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបង្កើតក្រុមការងាររាជរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ជាប្រធានដឹកនាំ។ ក្រុមការងារនេះ មានតួនាទីសហការរៀបចំអនុវត្ត និងផ្សព្វផ្សាយពាក់ព័ន្ធការងារឌីជីថលថ្នាក់ជាតិ និងអន្ដរជាតិ, កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព គ្រប់គ្រង តាមដាន ធ្វើបច្ចុប្បន្នភាពការងារ និងជាសេនាធិការលើការងារគ្រប់គ្រងឌីជីថលរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕