2023-10-11 04:10
308

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរឃុំ-សង្កាត់ បង្កើតសហគមន៍មនុស្សចាស់ ឲ្យបានគ្រប់ឃុំសង្កាត់ ដើម្បីងាយស្រួលតាមដាន និងផ្តល់សេវាសង្គម ជាប្រយោជន៍ដល់ពួកគាត់។ លោកបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងពេលប្រារព្ធខួបលើកទី២៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ (១ តុលា ឆ្នាំ២០២៣)។

លោក អ៊ុន ចាន់ដា បានបន្ដទៀតថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នេះ មានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីមនុស្សចាស់ ឆ្នាំ២០១៧-២០៣០ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ និងកម្មវិធីនយោបាយរបស់រដ្ឋសភា នីតិកាលទី៧ សម្រាប់ការកសាង និងការការពារ មាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលមានលិខិតបទដ្ឋានគតិយុត្តិ បានបង្កើតយន្តការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសង្គមកិច្ចដល់ជនចាស់ជរា។

លោកបន្ថែមថា ដូច្នេះយើងឃើញថា គោលនយោបាយល្អដាក់ចេញមក ដើម្បីជាប្រយោជន៍ដល់ជនចាស់ជរា ដោយមិនមានប្រកាន់និន្នាការនយោបាយ ឬពណ៌សម្បុរនោះទេ ពោលគឺ ជួយទាំងអស់ គ្រប់ផ្នែកគ្រប់វិស័យទាំងបញ្ហាសុខភាព ទាំងបញ្ហាជីវភាព ការរស់នៅ និងការចូលរួម ថែមទាំងការបញ្ចេញសិទ្ធិសេរីភាពផ្ទាល់ខ្លួន នៅក្នុងសង្គមផងដែរ។

បើតាមលោកអភិបាលខេត្ត, គោលនយោបាយល្អហើយ នៅឡើយតែការអនុវត្តធ្វើយ៉ាងណា មន្ត្រីយើងអនុវត្តទៅឲ្យបានជាប្រយោជន៍ដល់ជនចាស់ជរា។ ដូច្នេះសូមឲ្យអាជ្ញាធរមូលដ្ឋាន ចូលរួមទាំងអស់គ្នាដើម្បីខិតខំ អនុវត្តការងារនេះប្រកបដោយការទទួលខុសត្រូវ ដោយអាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យជាប្រចាំ តាមដាន ត្រួតពិនិត្យវាយតម្លៃ និងឈានទៅដល់ការកែលម្អ នូវគោលនយោបាយណាមួយឲ្យត្រូវបំណងប្រាថ្នា របស់ជនចាស់ជរា នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក អ៊ុន ចាន់ដា បានអំពារនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្ដោតការយកចិត្ដទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឲ្យទៅជាប្រព័ន្ធគ្រប់គ្រង ចាត់ចែង ដើម្បីធានាបានថា មនុស្សចាស់ មានភាពកក់ក្ដៅលើប្រព័ន្ធសេវាសម្រាប់មនុស្សចាស់៕