2024-03-13 04:03
53

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីមានរថយន្ត ម៉ាក Lexus  RX 300 បុកជាមួយរថយន្តម៉ាក Prius ដែលបើកបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលអោយ រងរបួស២នាក់ នៅស្រុកស្វាយទាប។

ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង ២និង០៨នាទីរសៀល ថ្ងៃទី១២ខែមីនាឆ្នាំ២០២៤  ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣២និង១៣៣ ក្នុងភូមិ ព្រៃសម្ភ័រ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ជេម ច័ន្ទថ្លា ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ មន្ត្រីរាជការ រស់នៅភូមិ ពោធិ៍តាហោ សង្កាត់ ពោធិ៍តាហោ ក្រុង ស្វាយរៀងខេត្ត ស្វាយរៀង  បើករថយន្ត ម៉ាក Lexus  RX 300 ពណ៌ មាស  ពាក់ស្លាកលេខ  ភ្នំពេញ ២S- ៥៩៦២ ខូចខាតទាំងស្រុង។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ ហេង ឆេងហ៊ាង   ភេទ ប្រុស អាយុ២៦ឆ្នាំ   រស់នៅភូមិ ពោធិ៍ថ្មី ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង បើករថយន្តម៉ាកPrius  ពណ៌ មាស ពាក់ស្លាកលេខ ភ្នំពេញ ២BU-១៣៤៩ខូចខាតទាំងស្រុង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បើករថយន្ត ម៉ាក Lexus  RX 300 ពណ៌ មាស  ពាក់ស្លាកលេខ  ភ្នំពេញ ២S- ៥៩៦២ លើផ្លូវជាតិលេខ១ហើយបាន វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏បុកជាមួយ រថយន្តម៉ាកPrius  ពណ៌ មាស ពាក់ស្លាកលេខ ភ្នំពេញ ២BU-១៣៤៩ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍។

ក្រោយមកអ្នករងរបួសទាំងសងខាងត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ចំណែកមធ្យោបាយទាំងពីរគ្រឿង សមត្ថកិច្ចអូសយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមច្បាប់ ៕