2023-09-25 09:09
199

កំពត៖ កាលពីថ្ងៃថ្ងៃទី២៣ ដល់២៤ ខែកញ្ញា ឆ្នាំ២០២៣ ព្រះសង្ឃ ពុទ្ធ បរិស័ទ និងភ្ញៀវទេសចរ ជាងប៦ពាន់ អង្គ/នាក់ បាននិមន្ត និងអញ្ជើញមកពី ២៥ខេត្តនិងរាជធានី ដើម្បីដង្ហែពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឡើងទៅលើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០ ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រដែលសាងសង់នៅលើខ្នងភ្នំបូកគោ។ 

នៅក្នុងបទបង្ហាញស្តីពីគម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រនាពេលនោះ  លោក អ៊ុន ចាន់ណារើន ស្ថានបត្យករ បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនសុខាគ្រុប បានយកចិត្តទុកដាក់ និងសិក្សាលម្អិតពង្រីកគម្រោង កសាងព្រះ ពុទ្ធបដិមាកម្ពស់ ១០៨ម៉ែ ឲ្យកាន់តែស្អាតទាក់ទាញ និងមានអត្ថន័យ គ្រប់ជ្រុងជ្រោយតាមប្រវត្តិ និងខ្លឹមសាររបស់សាសនាព្រះពុទ្ធដែលជាសាសនារដ្ឋ  ហើយទទួលបានការចូលរួមគាំទ្រ ពីក្រសួងជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជា។ 

លោកបានបន្តថា បច្ចុប្បន្នក្រៅពីការកសាងព្រះពុទ្ធបដិមាដ៏ធំ សម្រាប់ជាទីសក្ការៈ ដល់ពុទ្ធសាសនិក ក្រុមហ៊ុន សុខា គ្រុបបានផ្ដួចផ្ដើមកសាងព្រះពុទ្ធបដិមា អង្គតូចៗចំនួន ៨៤០០០អង្គ  ដោយយោង ទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ទាំង ៨៤០០០ព្រះធម្មក្ខន្ធ សម្រាប់តម្កល់ នៅលើជញ្ជាំងផ្នែកខាងក្នុង នៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំ កម្ពស់ ១០៨ម៉ែត្រ។ 

ព្រះពុទ្ធប្បដិមាអង្គតូចៗទាំងនោះ មានទំហំកម្ពស់០.៣១ម៉ែត្រ បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន ៤ថ្នាក់ ៩ជាន់ ធ្វើអំពីថ្មភ្នំបូកគោ។ តាមការសិក្សាគម្រោងទាំងមូលនឹងសាងសង់ឲ្យរួចរាល់ក្នុងរយៈពេល ៣ទៅ៤ឆ្នាំ ដោយគ្រោងចំណាយថវិកាប្រមាណ ៦០ ទៅ៧០លានដុល្លារ។ 

លោកបានបញ្ជាក់បន្ថែមថា គម្រោងនេះផុសចេញពី គំនិតរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ដែលលោកមានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំ ក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ដែលជាព្រះពុទ្ធប្បដិមាដ៏ធំ ហើយខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ 

គម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាទាំងនោះនឹងគង់នៅជាសម្បត្តិវប្បធម៍ជាតិ តជំនាន់សម្រាប់ជាទីសក្ការ:ដ៏ឧត្តុងឧត្តមរបស់ពុទ្ធ សាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយ ។ 

ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រមានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ទៅតាមរចនាប័ទ្មបាយ័នជា រចនាប័ទ្មកំពូល នៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពី បេតុងអាម៉េពណ៌មាសបែរព្រះ ភក្ត្រនៅទិសខាងកើត បច្ចុប្បន្នសម្រេ ចុះការសាងសង់រង្វង់២៥%៕