2024-01-23 02:01
79

ភ្នំពេញ៖ អតីតផ្កាយពីរ ០១រូប និងផ្កាយមួយ ០៣រូប ជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ត្រូវបានលោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសសម្រេចបណ្ដេញពីក្រមខ័ណ្ឌកងកម្លាំងមន្ត្រីនគរបាលជាតិ។ 

អតីតមន្ត្រីនគរបាលជាន់ខ្ពស់ទាំង ៤រូប ដែលត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ រួមមាន៖ 
ទី១- លោកពលបាលត្រី ទូច យុទ្ធា អត្តលេខ ០៥៥២៥ អនុប្រធានលេខាធិការដ្ឋាន, 
ទី២- លោកពលបាលត្រី តាំង គង់ អត្តលេខ ៨៤៣០៣ អនុប្រធានលេខាធិការដ្ឋាន, 
ទី៣- លោកពលបាលត្រី ជូ ផល្លីឌីន អត្តលេខ ៨៤៣៩២ អនុប្រធានលេខាធិការដ្ឋាន និង 
ទី៤- លោកពលបាលត្រី ខៃ វណ្ណៈ អត្តលេខ ៦៨៤១៩ អនុប្រធានលេខាធិការដ្ឋាន។ 

តាមប្រកាសរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ត្រូវបានអនុវត្តវិន័យចំពោះមន្ត្រីនគរបាល ចំនួន ៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ តាមរូបភាព ដកហូត មុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ 

សូមជម្រាបផងដែរថា មុនការបណ្តេញពីក្របខ័ណ្ឌនគរបាលជាតិ កាលពីថ្ងៃទី០៥ ខែកមរា ឆ្នាំ២០២៤ កន្លងទៅ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ បន្ថយ និងដកហូតឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ៕