2024-03-18 03:03
46

ថ្លែងចំពោះមុខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា សាលាខេត្តចំនួន១២៣នាក់ដែលបានចូលរួមធ្វើតេស្តរកសារធាតុញៀន ដែលបានប្រារព្ធធ្វើឡើងនៅ
សាលប្រជុំអគារDសាលាខេត្ត ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ការធ្វើតេស្តរកសារធាតុញៀន ដែល
អនុវត្ត ទៅលើកថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាលាខេត្តនាពេលនេះ គឺជាការអនុវត្តតាមបទ បញ្ជា លេខ០១ប.ប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមបណ្តាក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ហើយក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមបានស្នើរអោយលោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៩ នៅក្នុងខេត្តរតនគិរី បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ចំពោះ មន្រ្តីរាជការក្រោមឱវាទរបស់ខ្លួន ដោយគ្មានការយោគយល់ណាមួយឡើយ ប្រសិនបើរកឃើញថា មានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលតែម្តង ។

ក្នុងឱកាសនេះឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ មន្ត្រីរាជការទាំងអស់ សូម កុំពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀនឱ្យសោះ ព្រោះច្បាប់គ្មានការយោគយល់ ឬលើកលែង ឡើយ ហើយកាលណាមានសារធាតុញៀនក្នុងខ្លួន នោះសង្គមក៏ស្អប់ខ្ពើម ពលរដ្ឋក៏ស្អប់ខ្ពើម ហើយ គ្រួសារ ខ្លួនឯងក៏មានការស្អប់ខ្ពើមផងដែរ។

បើយោងតាមជាលទ្ធផលនៃការធ្វើតេស្តលើមន្រ្តីរាជការនិងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្តរតនគិរីចំនួន១២៣នាក់គឺមិនបានរកឃើញមន្រ្តីណាម្នាក់មានសារធាតុញៀននៅក្នុងខ្លួននោះឡើយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុ ញៀន ក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ បទបញ្ជានេះគឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែក យ៉ាង សំខាន់ក្នុងការលុប បំបាត់ បញ្ហាគ្រឿងញៀននៅក្នុងសង្គមជាតិទាំងមូល៕