2023-12-21 05:12
113

បន្ទាយមានជ័យ៖ ឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិថៃប្រុស-ស្រី ចំនូន ០៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្របន្ទាយមានជ័យ បង្ក្រាប និងឃាត់ខ្លួន បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ 

នគរបាលបានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៤០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិថៃ ចំនួន ០៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់ថ្នាំញៀន នៅចំណុច ក្នុងបុរី ធីធី នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ 

ប្រតិបត្តិការនេះ គឺអនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនិតីវិធីដោយលោក លឹមប៊ុន សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ 

តាមប្រភពបន្តទៀតថា កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ វីរ៉ាក់ផុន ថរ៉ាកសាត់ ភេទប្រុស អាយុ ២៤ឆ្នាំ នឹងបានដកហូតវត្ថុតាងថ្នាំញៀន ម្សៅក្រាម ពណ៌សថ្លាចំនួន ០១ថង់។ 

ក្រោយការសាកសួរកម្លាំងបានបន្តការឆែកឆេរ និងបានចាប់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ទៀត ស្រី ០៣នាក់ ជនជាត់ថៃ ០៥នាក់) រួមមាន៖ ទី១- ឈ្មោះ ណាតថាផន  ចាន់កុល ភេទប្រុស អាយុ ២៤ឆ្នាំ, ទី២- ឈ្មោះ នីចាខុង កាស៊ីម ភេទស្រី អាយុ ១៨ឆ្នាំ, ទី៣- ឈ្មោះ ម៉ុនថាធីប ណាមវ៉ុង ភេទស្រី អាយុ ២១ឆ្នាំ, ទី៤- ឈ្មោះ អាន់ឆាណា ភុំស្រ៊ី ភេទស្រី អាយុ ២១ឆ្នាំ និង ទី៥- ឈ្មោះ វីរ៉ាក់ផុង តុកើត ភេទប្រុស អាយុ ១៩ឆ្នាំ។ 

ក្រៅពីនេះសមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន៖ ម្ស៉ៅក្រាមសថ្លា ចំនួន ០៦ថង់, ថ្នាំគ្រាប់ ចំនួន ២៩ថង់, ថ្នាំគ្រាប់ wy ចំនួន ០៧ថង់, ថ្នាំគ្រាប់ fifi ចំនួន ៣៥បន្ទះ, ថ្នាំកញ្ចប់ (ថ្នាំសប្បាយ) ចំនួន ៤៩កញ្ចប់, ជញ្ជីង ចំនួន២, ឧបករណ៍ សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ 

បច្ចុប្បន្នជនសង្ស័យប្រុស-ស្រីទាំង ០៦នាក់ និងវត្ថុតាងត្រូវបាន ឃាត់ខ្លួនយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕