2023-10-20 11:10
219

(មណ្ឌលគិរី)៖     នៅថ្ងៃទី១៩ ខែតុលា ២០២៣ នេះ សត្វដំរីដែលមានឈ្មោះ «សំបូរ» ដែលគេស្គាល់ថាដំរីវត្តភ្នំដ៏ល្បីល្បាញ គឺបានលាចាកលោកហើយ ក្នុងអាយុ៦៣ឆ្នាំ ជារឿងគួរឱ្យស្ដាយស្រណោះខ្លាំងណាស់ នៅខេត្តមណ្ឌលគិរី ពោលគឺក្នុងពេលចូលនិវត្តន៍បាន៩ឆ្នាំពីការបម្រើសេវាកម្មទេសចរណ៍។

បើតាមការបញ្ជាក់របស់គម្រោងជ្រលងសត្វដំរី Elephant Valley Project (EVP) ដំរីសំបូរ បានស្លាប់ដោយសារតែជំងឺធ្មេញ។ មុនពេលស្លាប់ ជំងឺធ្មេញនោះបានធ្វើឱ្យសុខភាពរបស់សំបូរចុះទ្រុឌទ្រោមយ៉ាងខ្លាំងនារយៈពេល១ខែចុងក្រោយនេះ។

មុនចាកចេញទៅខេត្តមណ្ឌលគិរី ដំរីសំបូរ រស់នៅរាជធានីភ្នំពេញបានជាង២០ឆ្នាំជាមួយលោក ស៊ីន សន ដែលជាម្ចាស់ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារលោក អ៊ីម សុផល ដែលជាហ្មដំរី។

បើតាមមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ចាប់តាំងពីឆ្នាំ២០១៤មក ដំរីសំបូរ រស់ក្រោមការមើលថែរបស់អង្គការថែរក្សាសត្វដំរីស្រុក (Elliy) ដែលមានទីតាំងនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

គួរជម្រាបថា ដំរីសំបូរ គឺជាដំរីដ៏ចំណាស់ជាងគេមួយរបស់ប្រទេសកម្ពុជា ដែលរួចជីវិតផុតពីរបបខ្មែរក្រហម។ គ្រប់គ្នាធ្លាប់ឃើញភ្ញៀវទេសចរជិះលេងកម្សាន្តនៅតាមរមណីយដ្ឋានវត្តភ្នំ មុខព្រះបរមរាជវាំង នារាជធានីភ្នំពេញ។ ប្រជាពលរដ្ឋកម្ពុជាបានសម្ដែងនូវការស្ដាយស្រណោះយ៉ាងពន់ពេកចំពោះការលាចាកលោករបស់លោកតាដំរីមួយនេះ និងបានបួងសួងសូមវិញ្ញាណក្ខន្ធសំបូរបានទៅកាន់សុគតិភព៕