2023-09-26 02:09
443

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ក្នុងចំណោមជាច្រើននាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនិតិវិធី។ 

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គ្រុយ ស្រីលាភ ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី នៅចំណុច មុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល។ 

ចំណែកនារីរងគ្រោះក្នុងអំពើហិង្សាដ៏ឃោរឃៅនោះឈ្មោះ យ៉េន សុនីតា ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ផ្ទះជួល សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ នៅផ្ទះស្លាកស្នាមបណ្តាលឲ្យរបួសជាំភ្នែកស្តាំ ជាំត្រចៀកឆ្វេង  ចុកពោះ។ 

សូមជម្រាបថា ករណីនារីសង្ស័យក្មេងៗមួយក្រុម បានព្រួតវាយលើនារីគ្រោះម្នាក់ បានកើតឡើង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦នឹង០០នាទី ត្រង់នៅចំណុចបន្ទប់ផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមជននារីសង្ស័យមានគ្នា ចំនួន ០៤នាក់ រួមមាន៖ ឈ្មោះ គ្រុយ ស្រីលាភ ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ  ឈ្មោះ ស្រីលី ភេទស្រី អាយុប្រហែល ១៦ឆ្នាំ ជនជាតិខ្មែរ ,ឈ្មោះ ស្រីរ៉ា ភេទស្រី អាយុប្រហែល ១៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ស្រីយូ ភេទស្រី អាយុប្រហែល ១៦ឆ្នាំ ជនជាតិខ្មែរ។ 

នគរបាលបានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នារីរងគ្រោះ និងមិត្តភក្តិចំនួន ០៧នាក់ បានជួលបន្ទប់ផ្ទះសំណាក់ខាងលើ ចំនួន ០២ គឺបន្ទប់លេខ២០៤ និងលេខ២០៥ ជាន់ទី២ ស្នាក់នៅរួមគ្នា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១និង០០នាទី ជនរងគ្រោះ និងជនសង្ស័យបានជួលបន្ទប់ ចំនួន០២ បន្ទប់ទៀត មានបន្ទប់លេខ២១១ និងលេខ២០៨ សរុបចំនួន ០៤បន្ទប់ រួចនារីរងគ្រោះបានចុះទៅទិញស្រាបៀរចំនួន ០៦កំប៉ុងមកនាំគ្នាផឹកស៊ី ពេលនោះជនរងគ្រោះបាននិយាយហើយនិយាយទៀតថា “ស្រីលី លួចស្បែកជើងរបស់ខ្លួន” តែមិនមានអ្នកណាឆ្លើយតបអ្វីឡើយ។ 

រហូតដល់ផឹកស្រាបៀរអស់ក៏នាំគ្នាទៅដេកតាមបន្ទប់រៀងៗខ្លួនទៅដោយជនរងគ្រោះទៅដេកនៅបន្ទប់លេខ២០៥ ជាមួយមិត្តភក្តិម្នាក់ទៀត ក្រុមនារីសង្ស័យបាននាំគ្នាទៅជួបជនរងគ្រោះដែលកំពុងដេកជាមួយឈ្មោះ ស្រីយូ នៅបន្ទប់លេខ២០៥ ពេលទៅដល់បន្ទប់លេខ២០៥ ឈ្មោះ ស្រីលី បានសួរទៅជនរងគ្រោះថា ហេតុអ្វីបានជាចោទថាអញលួចស្បែកជើង? ជនរងគ្រោះនៅតែនិយាយថា “ឈ្មោះ ស្រីលី ជាអ្នកលួចស្បែកជើងរបស់ខ្លួនដដែល” ទើបព្រួតគ្នាវាយទាត់ធាក់យកតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួចក៏នាំគ្នាចូលទៅដេកតាមបន្ទប់វិញទៅ។ 

បច្ចុប្បន្ន ជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕