2023-03-27 08:03
574

ខេត្តស្ទឹងត្រែង៖ជនជាតិឡាវ២នាក់ជិះរថយន្តឆ្លងចូលក្នុងទឹកដីខ្មែរដោយមានការសង្ស័យត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្ទាក់ចាប់ឃាត់ខ្លួនឆែកឃើញវត្ថុតាងគ្រឿងញៀន១៣កញ្ចប់ធំក៏បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។  ការឃាត់ខ្លួនជនជាតិឡាវនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៧៖០៥នាទីថ្ងែទី២៧ខែមីនាត្រង់ចំណុចស្ពានទី២ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាខាងលើជនសង្ស័យជនជាតិឡាវ២នាក់នោះបានបើកបររថយន្តម៉ាកគា ពណ៌ខ្មៅ ពាក់ស្លាកលេខឡាវឆ្លងកាត់ច្រករបៀងចូលមកក្នុងទឹកដីខ្មែរ។ ពេលឃើញដូច្នេះដោយមានការសង្ស័យកម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀលក៏បានឃាត់សាកសួរត្រួតពិនិត្យលិខិតឆ្លងដែននិងរថយន្តក៏ប្រទះឃើញធុងពណ៌បៃតងមួយច្នៃដាក់ស្កររងូ(កាកស្ករ)មួយកំណាត់លើនិងបិទសន្ទះពីក្នុង ហើយកម្លាំងសមត្ថកិច្ចក៏បានសម្រេចកាត់ធុងនោះធ្វើការពិនិត្យមើលក៏ប្រទះឃើញកញ្ចប់ថ្នាំញៀនបង្កប់ជាមួយនឹងដីខ្សាច់មានចំនួន១៣កញ្ចប់ធំស្មើរនឹងទម្ងន់១៣គីឡូក្រាម។

    ប្រភពបន្តថា ជនសង្ស័យជនជាតិឡាវខាងលើទី១-ឈ្មោះកែវ គង់មឿង ភេទប្រុស អាយុ២៣ឆ្នាំ កើតនៅភូមិ ចមកែវ ស្រុកកៃសន ខេត្តសុវណ្ណ។

ទី២-ឈ្មោះ ណុក សុវណ្ណសាម ភេទប្រុសអាយុ២០ឆ្នាំ កើតនៅភូមិណាសៃ ស្រុកហ្វឿង រាជធានីវៀងច័ន្ទន៍ ប្រទេសឡាវ។ ក្រោយការឃាត់ខ្លួនជាក់ស្តែងជាមួយវត្ថុតាងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធីទៅសាលាដំបូងខេត្ត៕