2023-06-23 05:06
411


(កំពត) ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលកើតចេញពីកិច្ចខិតខំរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែបនាពេលកន្លងមក លើកិច្ចការងារគ្រប់គ្រងទូទៅ ការប្រតិបត្តិ សេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិ ការចុះត្រួតពិនិត្យប្រតិបត្តិវិជ្ជាជីវៈគ្រូពេទ្យ តាមបណ្តាមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជន ឲ្យមានភាពល្អប្រសើរបញ្ចៀសបាននូវហានិភ័យ និងអត្រាស្លាប់របស់អ្នកជំងឺ។ 


ថ្លែងនៅក្នុង មហាសន្និបាតបូកសរុបការងារអាណត្តិ៦ឆ្នាំ លើកទី៣ និងបោះឆ្នោតជ្រើសរើសសមាសភាពថ្មីសម្រាប់អាណត្តិ៦ឆ្នាំ លើកទី៤ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ធ្វើឡើងនៅមន្ទីរសុខាភិបាលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឡាំ អេង ហួរ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានមានប្រសាសន៍រំលឹកឡើងវិញថា ច្បាប់ស្តីពីការគ្រប់គ្រងគណៈវិជ្ជាជីវៈសុខាភិបាលបានចែងថា គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីជានិយ័តករ ក្នុងការបង្កើតលក្ខខន្តិកៈនានា ក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាល ប្រកបដោយក្រមសីលធម៌ គុណធម៌ សុវត្ថិភាព រួមមានការចុះបញ្ជីការ ការធ្វើអាជ្ញាប័ណ្ណ និងធានាថាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ បានបំពេញតាមលក្ខខន្តិកៈតម្រូវដើម្បីទទួលបានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈ សំដៅលើកកម្ពស់ ការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។
ឯកឧត្តមបន្តថា កន្លងមកនេះក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ក្រោមការដឹកនាំរបស់ លោកវេជ្ជបណ្ឌិត កែវ សុផាន សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សំគាល់ លើកិច្ចការងារគ្រប់គ្រងទូទៅ ការប្រតិបត្តិសេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិ ការចុះត្រួតពិនិត្យប្រតិបត្តិវិជ្ជាជីវៈគ្រូពេទ្យ តាមបណ្តាមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជន ឲ្យមានភាពល្អប្រសើរ បញ្ចៀសបាននូវហានិភ័យ និងអត្រាស្លាប់របស់អ្នកជំងឺ។ 


លោកវេជ្ជបណ្ឌិតកែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាប់ឆ្នោត បានប្រាប់ឲ្យដឹងថា តាមលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ តម្រូវឱ្យមានការបោះឆ្នោតតាមអាណត្តិនីមួយៗ រៀងរាល់២ឆ្នាំម្តង ដើម្បីកែសម្រួលសមាសភាពដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យ សំដៅពន្លឿន ការគ្រប់គ្រង សមាជិកភាព ផែនការសកម្មភាព ការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាសស្ត្រ បន្តដោយតម្លាភាព វឌ្ឍនៈភាពវិជ្ជាជីវៈ ទាំងគុណវឌ្ឍន៍ គុណធម៌ សមធម៌ សាមគ្គីភាព ប្រកបដោយក្រមសីលធម៌នៃវិជ្ជាជីវៈដើម្បីចូលរួមកាត់បន្ថយ ហានិភយ័អត្រាស្លាប់ផ្សេងៗ ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈ និងសេវាឯកជន។         
តាមរបាយការណ៍របស់មន្ទីរសុខាភិបាលបានបញ្ជាក់ថា ខេត្តកំពតមានស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យបង្អែក៥ មណ្ឌល់សុខភាព៦៦ ដែលមានមន្ត្រីបុគ្គលិកសរុប១១៦នាក់ ក្នុងនោះ ស្រី៧១០នាក់ និងមានមន្ត្រីកិច្ចសន្យាចំនួន១២៤នាក់ផងដែរ។
សេវាឯកជនមានក្លីនិកសម្រាកព្យាបាល១៩កន្លែង បន្ទប់ពិគ្រោះព្យាបាល ១៣១កន្លែង បន្ទប់ថែទាំវិជ្ជសាស្ត្រ ៣០៦កន្លែង បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះ១៦៦កន្លែង មន្ទីរសម្រាកព្យាបាលមាត់ធ្មេញ៣កន្លែង បន្ទប់ពិគ្រោះព្យាបាលមាត់ធ្មេញ៣៦កន្លែង បន្ទប់ថែទាំមាត់ធ្មេញមាន២៧កន្លែង មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ៤កន្លែង បន្ទប់ពិគ្រោះព្យាបាលភ្នែក១កន្លែង និងបន្ទប់ថែទាំភ្នែក១កន្លែង ឱសថស្ថាន៤៧កន្លែង និងឱសថស្ថានរងចំនួន៩កន្លែង។(សឹង រ៉ាត់)