2023-12-27 10:12
136

ខេត្តព្រះសីហនុ÷    ក្រុមគ្រួសារនៃសពលោក សុខ ហេង អំពាវនាវដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយសើរើសំណុំរឿងករណីឃាតកម្មលើក្រុមគ្រួសារលោក-លោកស្រីដែលត្រូវបានឃាតករវាយប្រហារសម្លាប់យ៉ាងអយុត្តិធម៌បំផុត។
​​​    លោកស្រី អ៊ុន មុយស៊ូន ដែលជាភរិយាជនរងគ្រោះលោក សុខ ហេង ដែលត្រូវឃាតករសម្លាប់យ៉ាងព្រៃផ្សៃបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា÷ប្ដីលោកស្រីដែលត្រូវឃាតករសម្លាប់ឈ្មោះ សុខ ហេង ជាបុគ្គលិកបើករថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនសូគីមិចត្រូវបានឃាតករឈ្មោះ ម៉ែន កែវ ជាបុគ្គលិកបើករថយន្តដឹកប្រេងឥន្ធនៈសូគីមិចដូចប្ដីលោកស្រីដែរ។
    លោកស្រី អ៊ុន មុយស៊ូន បានបន្តប្រាប់អ្នកសារព័ត៌មានយើងទៀតថា÷ឃាតករដៃឆៅ ម៉ែន កែវ កាលពីព្រលប់ម៉ោងប្រហែល 6 ជាងថ្ងៃទី23 ខែធ្នូ ឆ្នាំ2022 បានដេញវាយ កាប់និងពូថៅទៅលើប្ដីរបស់លោកស្រីបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មនៅចំណុចឃ្លាំងស្តុកប្រេងឥន្ធនៈសូគីមិចស្ថិតក្នុងភូមិ 4 ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
    លោកស្រីថាក្រោយវាយប្រហារកាប់ប្ដីរបស់លោកស្រីស្លាប់នៅកន្លែងទីតាំងខាងលើ ភ្លាមៗនោះឃាតករដៃឆៅ ម៉ែន កែវ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗហើយបន្តនីតិវិធីយកទៅដាក់នៅពន្ធធនាគារខេត្តព្រះសីហនុ។
    លោកស្រី អ៊ុន មុយស៊ូន បានបញ្ជាក់បន្ថែមទៀតថា ឃាតករដៃឆៅ ម៉ែន កែវ ជាប់ពន្ធនាគារខេត្តព្រះសីហនុមិនបានមួយដង្ហើមចង្រិតផងត្រូវបានតុលាការសាលាឧទ្ធរណ៍ដោះលែងឃាតករដៃឆៅនេះឲ្យមានសេរីភាពនៅក្រៅឃុំរហូតមកដល់បច្ចុប្បន្ននេះដោយមិនបានផ្ដល់ភាពយុត្តិធម៌ដល់ប្ដីលោកស្រីដែលបានស្លាប់បាត់បង់ជីវិតក្នុងអំពើឃាតកម្មយ៉ាងសាហាវនេះឡើយ។
    លោកស្រី អ៊ុន មុយស៊ូន ដែលជាភរិយារបស់ជនរងគ្រោះលោក សុខ ហេង សូមធ្វើការអំពាវនាវតាមរយៈសារព័ត៌មានយ៉ាងទទូចដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សូមឲ្យលោកជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនប្ដីអ្នកស្រីដែលបានបាត់បង់អាយុជីវិតក្នុងអំពើវាយកាប់និងពូថៅសម្លាប់យ៉ាងអយុត្តិធម៌បំផុតនេះ។
    លោកស្រីមានជំនឿជឿជាក់យ៉ាងមុតមាំថាឯកឧត្តម កើត រិទ្ធ នឹងជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនប្តីលោកស្រីដែលបានស្លាប់បាត់បង់ជីវិតដោយអំពើវាយប្រហារកាប់និងពូថៅ ហើយនឹងនាំខ្លួនឃាតករដៃឆៅចិត្តដាច់ ម៉ែន កែវ យកមកផ្ដន្ទាទោសដាក់ពន្ធនាគារឡើងវិញ។
   គួររំលឹកផងដែរថាថ្មីៗនេះឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញបញ្ជាឲ្យតុលាការរាជធានីភ្នំពេញនាំខ្លួនបុគ្គលម្នាក់ដែលបើកឡានប្រណេញគ្នាជ្រុលចង្កូតទៅបុកបុរសម្នាក់ដែលជាកីឡាករឆ្នើមប្រចាំព្រះរាជាណាចក្រកម្ពុជាស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័មបំផុត។