2023-06-21 06:06
171


នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរីបានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២០០នាក់ ដែលបានអញ្ជើញមកពីក្រុង-ស្រុកទាំង៩ នៃខេត្តរតនគិរី ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។


បន្ទាប់ លោកឧត្តមសេនីយ៍ ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរីប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរីធ្វើសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរីសម្រេចបានរួចមក  ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស (មេដាយ) ជូនសមាជិកអតីតយុទ្ធជនខេត្តរតនគិរី ដើម្បីឆ្លើយតបទៅនិងពលីកម្ម ដ៏ស្មោះស្ម័គ្រ របស់អតីតយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថា ជាគំរូវីភាព ស្នេហាជាតិ ដ៏ឧត្តុងឧត្តម មានគុណបំណាច់ដ៏ធំធេង់ចំពោះជាតិមាតុភូមិ។ឯកឧត្តម អភិបាល ខេត្តក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនក្នុងខេត្តរតនគិរី ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។  
ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ លោកមានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះ បងប្អូនជាអតីតយុទ្ធជន រាប់ទាំងយុទ្ធជនដែលបានពលី និងពិការ រួមទាំងក្រុមគ្រួសារ តាមរយៈការយកចិត្តទុកដាក់លើជីវភាពរស់នៅ ជាមួយការឧបត្ថម្ភនានាផងដែរ។ 


ឯកឧត្តមបន្តថា វីរភាពរបស់បងប្អូនអតីតយុទ្ធជនក្នុងការចូលរួមរំដោះប្រទេសជាតិ និងទប់ស្កាត់របបប្រល័យ ពូជសាសន៍ ប៉ុល ពត មិនឱ្យវិលត្រឡប់មកវិញ គឺជាគុណបំណាច់ដ៏ថ្លៃថ្លា ធំធេងពុំអាចកាត់ថ្លៃបានឡើយ បងប្អូន បានលះបង់សាច់ស្រស់ឈាមស្រស់ ព្រមទាំង អវៈយវៈ របស់ខ្លួនដើម្បីជាតិមាតុភូមិ។ ដូចនេះក្នុងនាមយើងជាអ្នកដែលកំពុងរស់រានមានជីវិតក្នុងសង្គមដែលពោរពេញដោយសន្តិភាព មានការដឹងគុណ នឹងសូមថ្លែងអំណរគុណចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនយើងទាំងអស់ ចំពោះការលះបង់មួយនេះ។
ឯកឧត្តម ញ៉ែម សំអឿន បានកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានលះបង់់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនយើងទាំងអស់ ត្រូវបន្តរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត។
នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានចែកថវិកាសមាគមជូនអតីតយុទ្ធជនទាំង២០០ នាក់ក្នុងម្នាក់ទទួលបាន ៥មុឺនរៀលនិងសារ៉ុង១ ដោយឡែកអតីតយុទ្ធជនដែលមានពិការភាពឯកឧត្តម ញ៉ែម សំអឿន បានឧបត្ថម្ភផ្ទាល់ខ្លួនបន្ថែម៥មុឺនទៀតផងដែរ៕ដ