2024-03-26 01:03
36

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី រោងចក្រចក្រកាត់ដេរ «NEW SKY» សាខារោងចក្រ «Y&W» ប្រមាណជាង ២០០នាក់ បាននាំគ្នាតវ៉ាធ្វើកូដកម្មបិទផ្លូវលេខ ២១៧ ដើម្បីទាមទារនូវប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗបន្ទាប់ពីថៅកែក្ស័យធនរត់ចោលកម្មករ។ 

បងប្អូនកម្មករ-កម្មការិនី បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាបបិទផ្លូវលេខ២១៧ នៅវេលាម៉ោង ០៨និង២០នាទី ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមុខរោងចក្រ «NEW SKY» ស្ថិតនៅក្នុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ក្រុមកម្មករបាននិយាយថា «ពួកគាត់ធ្វើការងារនៅរោងចក្រ NEW SKY ដែលជាសាខារបស់រោងចក្រកាត់ដេរសម្លៀកបំពាក់កូនក្មេង Y&W GARMENT CO., LTD. ត្រូវបានថៅកែរត់ចោលដូចគ្នាទៅនិងកម្មករ-កម្មការិនី រោងចក្រ Y&W ដែរ ប៉ុន្តែវាសនាខុសគ្នាត្រង់ថា ខាងកម្មកររោងចក្រ Y&W បានទទួលប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗគ្រប់គ្នាសម្រាប់ពួកគាត់នៅរោងចក្រ NEW SKY ស្ងាត់ឈឹងតែម្តង»។ 

ក្រុមកម្មករ-កម្មការនី NEW SKY បានធ្វើការវ៉ាបិទផ្លូវទាមទារលក្ខខណ្ឌការងារ ចំនួន ៤ចំណុចរួមាន៖ ១- ស្នើសុំឱ្យខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយ, ២- ស្នើសុំឱ្យខាងរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំ, ៣- ស្នើសុំឱ្យរោងចក្របើប្រាក់បំណាច់អតីតភាពដែលនៅសល់ និង ៤-ស្នើសុំឱ្យរោងចក្របើកប្រាក់ជូនដំណឹងមុន។ 

ការតវ៉ារបស់បងប្អូនកម្មករបានរំសាយ និងបើកផ្លូវឡើងវិញ បន្ទាប់ពីអាជ្ញាធរខណ្ឌដង្កោ និងមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះទៅធ្វើការសម្របសម្រួលសន្យាថា និងបើកប្រាក់ជូនពួកគាត់តាមលក្ខខណ្ឌ និងច្បាប់ស្តីពីការងារ។

លោក ហែម ហឿន អគ្គលេខាធិការរង អ.គ.ក.ប នៃក្រសួងការងារ បានធ្វើការសម្របសម្រួលដោះស្រាយជូនកម្មករ-កម្មការនី ដូចតទី៖ ១- នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ មន្ត្រីក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅវាយតម្លៃលើសម្ភារនៅក្នុងរោងចក្រដើម្បីលក់ឡាយឡុង និងនីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្វើការបើកប្រាក់ខែ និង ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការនី៕