2024-01-19 05:01
76

ភ្នំពេញ ៖     នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានអោយដឹងថា៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងបង្ក្រាបលើបទល្មើសឆបោកប្រាក់ ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រឡប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយ:គណនីធនាគារនៅកម្ពុជា។ 

ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ខ.ស.ភ ភេទប្រុស ជាសហចារីធ្វើសកម្មភាពទទួលប្រាក់ឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះគឺនៅមានជនសង្ស័យមួយចំនួនទៀតដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ បច្ចុប្បន្នត្រូវបានចៅក្រមឃុំខ្លួនពីបទឆបោក ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃស។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពទទួល និងដកប្រាក់ដែលគ្មានប្រភពច្បាស់លាស់ ដែលអំពើនេះគឺជាបទល្មើសធ្វើឱ្យសាមីខ្លួនត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ៕