2024-01-18 02:01
80

(ពោធិ៍សាត់)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ចំនួន១៨រូប ដឹកនាំដោយ លោក ម៉ុង ឬទ្ធី ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង៤៩ ចំនួន៣១១នាក់ ទូទាំងខេត្តពោធិ៍សាត់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ម៉ៅ សាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត តំណាងឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តពោធិ៍សាត់ បានលើកឡើងថា ដោយអនុវត្តតាមសេចក្តីសម្រេចលេខ៥១៩សសរ.គក ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នោះ គណបក្សខេត្ត សហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោត បានកំណត់មណ្ឌលធនធានមនុស្ស ស្ថិតក្នុងសាលាបឋមសិក្សាពោធិ៍សាត់ សម្រាប់ការិយាល័យបោះឆ្នោតលេខ៧០០៥ មានអ្នកបោះឆ្នោត៣៤៥នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រ៤នាក់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង៤៩ ចំនួន៣៤១នាក់។

ជាមួយគ្នានោះ គណបក្សខេត្ត បានត្រៀមលក្ខណៈសម្រាប់ការសម្របសម្រួល ក្នុងដំណើរការដូចជាចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោត យុទ្ធនាការឃោសនា មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ ហូបចុកងាយស្រួលដល់អង្គបោះឆ្នោត ក្រោមការដឹកនាំផ្ទាល់ដោយ លោក ខូយ រីដា ប្រធានគណបក្សខេត្តនិងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមិនប៉ះពាល់ដល់នីតិវិធី បទបញ្ជា និងច្បាប់បោះឆ្នោតឡើយ។

ក្នុងឱកាសជួបសំណេះសំណាល លោក ម៉ុង ឬទ្ធី បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធាន និងលោកអនុប្រធានព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ និងសម្បូរបែប។

ក្នុងឱកាសនោះ លោកក៏បានជម្រាបជូនថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ ចំនួន១៨រូប ដែលមានលោកជាប្រធាន បានមកបង្ហាញមុខជូនអង្គបោះឆ្នោតបានស្គាល់នាពេលនេះ។ ជាមួយគ្នានោះ លោកបានអំពាវនាវដល់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើនការប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និងត្រូវត្រៀមឯកសារពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់ ដើម្បីបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១ ឲ្យបានគ្រប់ៗគ្នា។

លោក សារី កោសល្យ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងលោក កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានសំណូមពរមួយចំនួន ដល់អង្គបោះឆ្នោត សូមបន្តសហការរៀបចំគាំទ្រ ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានោះ ត្រូវពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារ ឲ្យបានល្អប្រសើរ ពិសេសត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព៕