2024-03-12 04:03
57

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ៥០០នាក់ ត្រូវបានដាក់ប្រតិបត្តិការ ដើម្បីពិនិត្យស្រាវជ្រាវ និងបង្ក្រាប់បទល្មើសធម្មធានធម្មជាតិ ជាពិសេសករណីកាប់គាស់ រុករានដីព្រៃ ឆ្កាដុត ទន្ទ្រាន ឈូសឆាយរំលោភយកធ្វើកម្មសិទ្ធនៅក្នុងភូមិសាស្ត្រនានានៅខេត្តពោធិ៍សាត់ ក្រោយពីបែកធ្លាយនូវព័ត៌មានដ៏រសើបផ្អើលដល់ឋានព្រះឥន្ទ្រពាក់ព័ន្ធករណីកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីរំលោភយកដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធ នៅស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ។

ព័ន្ធព័ន្ធករណីបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ (កាប់បំផ្លាញព្រៃឈើ) នៅស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ នៃខេត្តពោធិ៍សាត់នេះ លោក ខូយ រីដា អភិបាលខេត្តបានកោះហៅមន្ត្រីពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអនុគណៈគណៈកម្មការទាំង ៩ក្រុម ដើម្បីចាត់វិធានក្តៅក្នុងការចូលរួមយុទ្ធានាការចុះទប់ស្កាត់ និងបង្ក្រាបករណីកាប់បំផ្លាញធនធានធម្មជាតិ នៅភូមិសាស្ត្រស្រុកវាលវែង និងភ្នំក្រវ៉ាញយកដីធ្វើជាកម្មសិទ្ធ និងអាជ្ញាធរពាក់ព័ន្ធដែលគ្រប់គ្រងក្នុងតំបន់នោះបានឃុបឃិតគ្នាជាប្រព័ន្ធស៊ីញ៉េលើឯកសារលក់-ទិញយ៉ាងអនាធិបតេយ្យ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងក្នុងកិច្ចប្រជុំបន្ទាន់នោះថា ដល់ពេលវេលាត្រូវតែអនុវត្តន៍នូវអភិក្រមទី៥ គឺ «វះកាត់» លើមន្ត្រីអសកម្មជាពិសេសអ្នកដែលមានការពាក់ព័ន្ធករណីកាប់បំផ្លិចបំផ្លាញព្រៃឈើជាសម្បត្តិធនធានធម្មជាតិ ដើម្បីរំលោភយកដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធ និងលក់ នៅស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ។ លោក ខូយ រីដា បានប្រកាសថា នឹងចាត់វិធានការក្តៅដោយគ្មានការលើកលែង ចំពោះជនល្មើស និងអស់លោកអ្នកពាក់ព័ន្ធដែលកាប់ទន្ទ្រានដីព្រៃ និងដុតបំផ្លាញព្រៃឈើ យកដីធ្វើមកធ្វើជាកម្មសិទ្ធិ នាំឱ្យមានការមហន្តរាយធនធានធានធម្មជាតិយ៉ាងធ្ងន់ធ្ងរដាច់ខាត់។

អភិបាលខេត្តពោធិ៍សាត់ បានថ្លែងសង្កត់ថា «ខ្ញុំបានដើរមើលឃើញស្ថានភាពហួសចិត្តហួសថ្លែងពីភ្នំមួយទៅភ្នំមួយត្រងោយអស់សុទ្ធតែមានម្ចាស់ហើយអស់លោកមេឃុំ ចៅហ្វាយស្រុកនៅទីនោះធ្វើកិច្ចការងារអ្វីខ្លះ ហើយអ្នកណាទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំជាពិសេសប្រមុខថ្នាក់ដឹកនាំប្រទេស»។ លោក ខូយ រីដា បានព្រមានថា «បើអស់ព្រៃឈើអស់លោកក៏ត្រូវប្រឈមនឹងអស់តំណែងហើយមិនទាន់រួចខ្លួន គឺត្រូវប្រឈមមុខជាមួយផ្លូវច្បាប់បន្តទៀតមិននិយាយលេងទេ»សួមជម្រាបថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នារសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបានបានចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ។ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្គត់ធ្ងនថា ចំពោះអ្នកដែលមានការពាក់ព័ន្ធករណីកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ ត្រូវដកខ្លួនចេញជាបន្ទាន់សម្រាប់ការអនុវត្តវិធានការផ្លូវច្បាប់មិនលើកលេងឱ្យបុគ្គលណាម្នាក់ឡើយ ហើយអ្នកដែលបានកាប់បំផ្លាញព្រៃឈើត្រូវតែដាំដើមឈើឡើងវិញគ្រប់ចំនួនដែលខ្លួនបានកាប់បំផ្លិចបំផ្លាញផងដែរ៕