2023-08-15 10:08
138


ភ្នំពេញ៖ កម្លាំងសម្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរផ្លូវភេទ និងការពារអនីតិជន ក្រសួងមហាផ្ទៃសហការជាមួយអាជ្ញាធរបានចុះឆែកឆេរ និងបង្ក្រាបហាងកាហ្វេពេលរាត្រី នៅម្ដុំផ្លូវត្រឡោកបែកជាច្រើនកន្លែង ដោយទីតាំងទាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ។ 

ប្រតិបត្តិការចុះបង្ក្រាបហាងកាហ្វេលក់ពេលយប់បង្កប់នារីទទួលលក់សេវាកម្មកំសាន្តនេះ ធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ត្រូវនឹងថ្ងៃច័ន្ទទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

តាមរបាយការណ៍បឋម សកម្មភាពនៃការចុះបង្ក្រាបកន្លែងបង្កប់សេវាកម្មជួញដូរផ្លូវភេទខាងលើ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន បានឡោមព័ទ្ធទីតាំងលក់កាហ្វេពេលរាត្រី ចំនួន ០៤ទីតាំងមានបង្កប់សេវាផ្លូវភេទ ប្រមូលម៉ែយ៉ែម និងនារីបម្រើសេវាកម្មប្រមាណជាង ១០នាក់យកទៅសាកសួរ។ 

សូមជម្រាបថា យោងតាមមាត្រា ២៩៨ បទហៅអ្នកដទៃនៅទីសាធារណៈ បានចែងថា «បុគ្គលណាដែលហៅអ្នកដទៃនៅទីសាធារណៈ ដើម្បីញ៉ាំងឱ្យមានទំនាក់ទំនង ផ្លូវភេទត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០ (ប្រាំពាន់) រៀល ទៅ ៥០.០០០ (ប្រាំម៉ីន) រៀល»។ 

បច្ចុប្បន្ន អ្នកពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ ដើម្បីធ្វើការសាកសួរតាមនិតិវិធី៕