2024-03-11 02:03
69

ភ្នំពេញៈ គួរឲ្យអាសូរណាស់!ក្មេងស្រី៣នាក់ជិះម៉ូតូមួយគ្រឿងចេញពីរៀនមិនពាក់មួកសុវត្ថិភាពបានជ្រុលទៅបុករថយន្តសណ្តោងរ៉ឺម៉កពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យយុវតីវ័យ១៤ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ ចំណែកពីរនាក់ទៀត  បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗផងដែរ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១១ខែមិនាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ  រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាយុវតីដែលស្លាប់បាត់បង់ជីវិតខាងលើនេះមានឈ្មោះ ឌិន សុធាវី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨A នៃសាលាវិទ្យាល័យអរុណ            វតី មានទីលំនៅ នៅភូមិសាមគ្គី សង្កាត់សំរោងត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពបានបន្ថែមថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខព្រះសីហនុ4A-1069 បើកបរក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់ក្រោមផ្លូវស្ពានល្បឿនលឿនក៏បានបត់ឆ្វេងបម្រុងចូលផែ ស្របពេលនោះក៏មានក្មេងស្រីសិស្សសាលា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៣ពណ៌ ខ្មៅពាក់  ផ្លាកលេខភ្នំពេញ1JK-0621 ជិះឌុបគ្នាពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យយុវតីម្នាក់បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌តែម្តង ចំណែកពីរនាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹក              បញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងបានធ្វើការវាស់វែងរួចបានអូសយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។