2024-02-13 11:02
81

កំពង់ឆ្នាំង៖ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា មានបទល្មើសដាក់សម្រាស់ហ៊ំព័ទ្ធយកត្រីដ៏ធំមួយកន្លែង នៅចំណុចបឹងធំ ស្ថិតក្នុងភូមិកំពុងបាស្រូវ ឃុំជលសារ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជំនាញឆ្លើយថា «អត់ដឹងអីហង» ។

ពលរដ្ឋបានឲ្យដឹងថា នៅក្នុងតំបន់បឹងធំចែកជា២ផ្នែកប៉ែកខាងលើជាតំបន់អភិរក្ស និងផ្នែកខាងក្រោមជាកន្លែងនេសាទសាធារណៈនាវស្សាមានទំហំប្រមាណ ៥០ហិកតា នៅរដូវប្រាំងទឹកស្រកបឹងនេះមានទំហំប្រមាណ ៦ហិកតាប៉ុណ្ណោះ។ 

ជាក់ស្ដែងឃើញមានសំរាស់យ៉ាងធំមួយកន្លែងក្នុងបឹងធំដែលមានទទឹងប្រមាណ ១០០ ម៉ែត្របណ្ដោយ ៣០០ម៉ែត្រ ប្រមាណជាង ៣ហិកតាដាក់ជាប់នឹងបង្គោលអភិរក្សហ៊ុំព័ទ្ធរបាំងស្បៃមុងនិងដាក់លបលូស្បៃមុងដើម្បីចាប់ត្រី។ ពលរដ្ឋបន្តថា ពេលចាប់ត្រីគេប្រើសាច់អួនក្រឡាញឹកមានមុខ១៥ម៉ែត្របំពាក់ទៅដោយឧបករណ៍ឆក់ត្រជាក់អូសដោយកម្លាំងម៉ាស៊ីនធ្វើសកម្មភាពចាប់យកប្រភេទត្រីល្អៗ ដូចជា ត្រីសណ្ដាយ ត្រីក្រព័ត ត្រីទ្រនេល ត្រីឆ្លាំង ត្រីកេះ ត្រីឆ្លូញ ។ល។ ប្រមូលបានរាប់តោន។

លោក នួន រិទ្ធី នាយរងស្ដីទី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រាប់អ្នកសារព័ត៌មានថា៖ «ករណីនេះលោកពុំបានដឹងទេ ចាំលោកដឹកនាំកម្លាំងនិងចុះទៅពិនិត្យមើលជាក់ស្ដែង»។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងថា៖ «លោកទទួលបានព័ត៌មានហើយ និងចាត់ឱ្យផ្នែក និងសង្កាត់រដ្ឋបាលជលផល សហការជាមួយសហគមន៍ចុះទៅបង្ក្រាប»។

លោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ឲ្យដឹងដែរថា៖ «បើមានករណីដូចនេះមែនលោកនឹងបញ្ជារឱ្យមន្ត្រីជំនាញកាប់ស្បៃមុងយកចោលទាំងអស់ និងឃ្លាំចាប់ជនល្មើសមិនអនុញ្ញាតឱ្យហ៊ុំសំរាស់ចាប់ត្រីជាដាច់ខាត និងត្រូវស្រាវជ្រាវអ្នកប្រព្រឹត្តបទល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការផ្លូវច្បាប់»៕