2023-04-22 09:04
372

ភ្នំពេញ៖ ព្រះអគ្គិជ័យកីឡា បានធ្វើដំណើរដល់រដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ដែលជាប្រទេសក្នុងតំបន់ចុងក្រោយគេ ត្រូវទទួលរៀបចំពិធីដង្ហែ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ក្នុងដំណើរគោចរដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC នៅយប់ថ្ងៃសៅរ៍នេះ ទទួលបានការស្វាគមន៍ពីលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងលោក Sengphone Phonamath អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកឡាវ។

តាមគម្រោងក្រោយចប់ពិធីដង្ហែនៅរដ្ឋធានីវៀងច័ន្ទន៍ ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែត្រឡប់មកកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសា តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង៕