2023-04-09 05:04
382

កំពង់ចាម៖ សមត្ថកិច្ចបានក្របួច ក្រុមអ្នកអភិរក្សបក្សីកីឡា នៅតាមគម្ពោធព្រៃដោយខុសច្បាប់ ចំនួន១៣នាក់ ដើម្បីយកទៅដុសក្អែល និងអនុវត្តន៍តាមផ្លូវច្បាប់។

ករណីបង្ក្រាប ក្រុមអ្នកញៀល្បែងស៊ីសងជល់មាន់ ឬក្រុមអភិរក្សបក្សីកីឡានេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣​ វេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ ស្ថិតត្រង់ចំណុចដីព្រៃ ក្នុងភូមិតាសែន ឃំុសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នគរបាលបានឲ្យដឹងថា ប្រជាពលរដ្ឋល្អ រស់នៅក្នុងសហគមន៍បានឃើញមានមនុស្សមួយក្រុមបានជួបជុំគ្នាប្រព្រឹត្តល្បែងស៊ីសងជល់មាន់ដោយខុសច្បាប់ ក៏រាយការណ៍មកសមត្ថកិច្ចនគរបាលភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ  និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចដីព្រៃ ស្ថិតនៅភូមិតាសែន ឃំុសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តែម្តង។

នគរបាលបានបញ្ជាក់ថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញា ចំនួន១៣នាក់ និងវត្ថុតាងពាព័ន្ធបទល្មើសជល់មាន់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕