2023-10-11 08:10
305

(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់គិតគូពីសុវត្ថិភាពប្រជាពលរដ្ឋ និងដោយសង្កេតឃើញថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកហាក់មាន និន្នាការកើនឡើងគួរឱ្យព្រួយបារម្ភស្របពេលថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យ ជាតិម្តងៗ ជាក់ស្តែងនៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ចាត់តំណងាក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សហកាជាគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត សហការរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងបរិយាបន្ន»។

ពិធីនេះមានការអញ្ជើញជាអធិបតីពីសំណាក់លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខា តំណាងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត, លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយមានការចូលរួមពីមន្រ្តីសាខា មន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអញ្ជើញចូលរួមពីមន្ត្រីប្រតិបត្តិ និងមន្ត្រីសុវត្ថិភាពចរាចរណ៍ មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត យុវជន សរុបចំនួន ៣៥នាក់ ស្ថិតនៅផ្លូវចំណុចភ្លើងស្តុបបាណន់ ភូមិដំណាក់ហ្លូងសង្កាត់វត្តគរ ក្រុងបាត់ដំង។

ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ លោក ផេង សិទ្ធី បានពាំនាំសារសួរសុខទុក្ខរបស់ លោក សុខ លូ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការសុវត្ថិភាពចរាចណ៍ផ្លូវគោកខេត្ត មន្ត្រីសុវត្ថិភាពចរាចរណ៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ។
លោកបានគូសបញ្ជាក់ថា ក្នុងឱកាសដែលប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវកាន់តែមមារញឹកនោះ, គ្រោះថ្នាក់ចរាចរណ៍នៅជាបញ្ហាគួអោយព្រួយបារម្ភចំពោះសោកនាដកម្មនេះ ហើយមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺមកពីមនុស្សម្នាក់ៗដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា៖ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម។

លោកបានបន្តថា ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាដែរ។ ក៏ប៉ុន្តែបញ្ហាទាំងអស់នេះ យើងអាចចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបានតាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ។ ហេតុដូចនេះ ភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

ក្រុមការងារបានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមប្រជាពលរដ្ឋគោរព អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរម្យនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខក្នុងឱកាសងថ្ងៃឈប់សម្រាកការងារ ខាងមុខនេះ និងបន្តជារៀងរហូតទៅ។

ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមប្រជាពលរដ្ឋគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរម្យនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ និងសេចក្តីសុខ សប្បាយរីករាយជាមួយក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិ កុំឱ្យថ្ងៃសប្បាយ ក្លាយជាថ្ងៃកើតទុក្ខ៕