2024-01-19 02:01
81

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រេចអនុវត្តន៍វិន័យ ដកហូត ឋានន្តរស័ក្កិ ថ្នាក់វរសេនីយ៍ឯក ពីវរសេនីយ៍ឯក សុខ សុភាព អត្តលេខ ៦៤៤៣៥ ស្នងការរងនគរបាលខេត្តព្រះសីហនុ។

យោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេច «ដកហូត ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ឯក ពីវរសេនីយ៍ឯក សុខ សុភាព អត្តលេខ ៦៤៤៣៥ នាយ នគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ»។ រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង ប្រធានស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រិត្យនេះ តាមកិច្ចការរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

សូមបញ្ជាក់ថា ការដកហូត ឋានន្តរស័ក្តិលោកវរសេនីយ៍ឯក សុខ សុភាព ធ្វើឡើងតាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕