2024-02-01 12:02
53

សៀមរាប៖ ក្រុមឧក្រិដ្ឋជន ចំនួន ០៤នាក់ និងគ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើកាបង្ក្រាប និងរឹបអូសបាននៅគោលដៅចំនួន០៣ផ្សេងៗគ្នា ក្នុងភូមិសាស្ត្រក្រុងសៀមរាប។

 តាមការឱ្យដឹងពីមន្ទីរប្រឆាំងបទល្មើសប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និង ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សមត្ថកិច្ចបានស្រាវជ្រាវ និងស៊ើបអង្កេតរងូតកំណត់បានមុខសញ្ញា និងគោលក្រុមជនល្មើលលាក់ខ្លួនឈានដល់ការបង្ក្រាបដោយឃាត់ខ្លួន និងរឹបអូសវត្ថុតាងជាគ្រឿងញៀនតែម្តង។

 ចំពោះប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២និង០០នាទី កម្លាំងជំនាញ (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ លោកវរសេនីយ៍ទោ កើត រ៉ាវី និងលោកវរសេនីយ៍ទោ រឹម ម៉ិច នាយរងការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំសម្របសម្រួលដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណី ជួញដូ រក្សាទុករគ្រឿងញៀន នៅ៣គោលដៅផ្សេងជាបន្តបន្ទាប់ រួមមាន៖ គោលដៅទី១៖ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវបំបែកផ្សារក្រោម) ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ គោលដៅទី២៖ ផ្ទះលេខ០២៥ ផ្លូវក្រុម១ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប និងគោលដៅទី៣៖ ផ្ទះគ្មានលេខ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

 សម្រាប់លទ្ធផលបង្ក្រាបបាន កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់៖ ទី១- ឈ្មោះ ផាន់ សុកជា ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ០៦-សីហា-១៩៩១, ទី២- ឈ្មោះ ភា ភ័ក្រ ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៨៨, ទី៣- ឈ្មោះ ចេក សុផល ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ០៤-ឧសភា-១៩៩៨ និង ទី៤- ឈ្មោះ ជ្រឹង គឹមសៀង ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៩៤។

 ចំពោះវត្ថុតាងដែលចាប់យកបាន រួមមាន៖ សារធាតុញៀន ប្រភេទគ្រាប់ (WY) ចំនួន ១៧.៨០០ គ្រាប់ ទម្ងន់សរុប ០១ គីឡូក្រាម ៦៩០.៣៤ ក្រាម, សារធាតុញៀន មេតំហ្វេតាមីន (ICE) ចំនួន ០៩ ដុំ ទម្ងន់សរុប ០៨ គីឡូក្រាម ៩៩៩.៧៦ ក្រាម សរុបគ្រឿងញៀន ទម្ងន់ ១០ គ.ក្រ ៦៩០.១ ក្រាម និងទូរសព្ទ ចំនួន ០៦គ្រឿង។

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាបតាមនីតិវិធី ៕