2023-07-26 07:07
148


ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្តបណ្តាលឱ្យមនុស្សចំនួន៤នាក់រងរបួស ភ្លាមៗកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ក៏បានឃាត់ខ្លួនអ្នកបើកបរ ដើម្បីចាត់ការតាមច្បាប់ផងដែរ។ 


   ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង១៧និង០៥នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
   សមត្ថកិច្ចចរាចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកTOYOTA (ស្វិត) ពណ៌ស ពាក់ផ្លាកលេខ គ97.12 ភព2  បើកបរដោយឈ្មោះ ស៊ូ ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃយាង ឃុំអូរតាប៉ាង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកបរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ក៏បានទៅពារម៉ូតូមួយគ្រឿងម៉ាកHONDA 125 ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 1JO-6285 (ក្នុងដំណើរស្របទិសគ្នា) បើកបរដោយឈ្មោះ លន់ ហេងឡុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ៣នាក់ ទៀត ១-ឈ្មោះ ណូន ស្រីតូច ភេទស្រី អាយុ៣៩ឆ្នាំ (ប្រពន្ធ), ២-ឈ្មោះ សៀង អេង ភេទស្រី អាយុ៧ឆ្នាំ (កូន) ៣-ឈ្មោះ សៀង អ៊ី ភេទស្រី អាយុ២ឆ្នាំ(កូន) បណ្ដាលឲ្យរងរបួសប្រពន្ធនិងកូនទាំងបីនាក់។            

   ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យវាស់វែង និងបញ្ជូនអ្នករងរបួសទៅ សង្គ្រោះនៅមន្ទីរពេទ្យ អ្នកបើកបររថយន្ត ត្រូវបាននាំខ្លួន ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី វត្ថុតាងបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ៕