2023-06-27 08:06
328


ខេត្តកណ្ដាល៖ រថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងបើកវ៉ាជែងមិនប្រយ័ត្នបណ្ដាលឱ្យរ៉ឺម៉ករថយន្តទៅប៉ះនឹងម៉ូតូសណ្ដោងរ៉ឺម៉ក ធ្វើឲ្យមនុស្ស៣នាក់ដែលជិះម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់និងស្រាល។


ករណីនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៤៥នាទី នៅចំណុចផ្លូវជាតិលេខ8 ចន្លោះគីឡូម៉ែត្រលេខ 37- 38 ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា រថយន្តបង្កម៉ាក Hyundai ប្រភេទបែនធំ ពណ៌ត្រេអ៉ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 1-4-2792 អ្នកបើកបរឈ្មោះ សន ផល្លា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាក Honda wave ពណ៌ទឹកសមុទ្រ បើកបរដោយឈ្មោះ យឿន ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង   (រងរបួសធ្ងន់) មានអ្នករួមដំណើរ០២នាក់ ១-ឈ្មោះរឿង ស្រីល័ក្ខ ភេទស្រី អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ត្រូវជាប្រពន្ធ, ២-ឈ្មោះណាក់ វិសាល ភេទប្រុស អាយុ១១ខែ រងរបួសស្រាលត្រូវជាកូន ។
ប្រភពដដែលបន្តថា នៅវេលាម៉ោងថ្ងៃខែកើតហេតុ គេបានឃើញរថយន្ត០១គ្រឿងម៉ាក Hyundai ប្រភេទបែនធំ ពណ៌ត្រេអ៉ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 1-4-2792  បើកបរក្នុងទិសដៅពីត្បូងទៅជើង បានវ៉ាជែងបោកគូទរ៉ឺម៉ករថយន្តចំគូទរ៉ឺម៉កម៉ូតូពីក្រោយ ក្នុងទិសដៅស្របគ្នា (ពីត្បូងទៅជើង) ម៉ូតូសណ្ដោងរឺម៉កម៉ាក Honda wave ពណ៌ទឹកសមុទ្រ បណ្ដាលឱ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ រីឯកូនរងរបួសស្រាល។
ករណីនេះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ។មូលហេតុ បណ្តាលមកពី អ្នកបើកបររថយន្តខាងលើបើកបរវ៉ាជែងលើផ្លូវកោងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន  ។
ករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរថយន្តបង្កហេតុខាងលើនេះ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី  ៕