2023-09-30 08:09
197

(កែប)នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និង ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំជាមួយអង្គភាពពាក់ព័ន្ធដើម្បីសម្រាប់រៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែបដើមខែធ្នូឆ្នាំ ២០២៣នាពេលខាងមុខ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថាឱ្យមន្ទីរអង្គភាពពាក់ព័ន្ធដើម្បីក្រៀមសម្រាប់រៀបចំពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី៣ នៅខេត្តកែបឆ្នាំនេះ និងកំណត់យកថ្ងៃប្រារព្ធពិធីជាផ្លូវការគឺ នៅថ្ងៃទី១រហូតដល់ថ្ងៃ៣ ខែធ្នូ ឆ្នាំ២០២៣នាពេលខាងមុខ។

រៀបចំពិធីព្រឹត្តិការណ៍បុណ្យសមុទ្រ ដ៏អស្ចារ្យសម្រាប់ខេត្តកែបដើម្បីបង្ហាញអោយពិភពលោកបានដឹងភាព ជោគជ័យរបស់កម្ពុជា នឹងមានការរីកចម្រើន សេដ្ឋកិច្ច សង្គមកិច្ច និងធានាបាននៅសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមកលេងកំសាន្ដនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តកែបរបស់យើងផងដែរ។

ក្នុងនោះដែរ ឯកឧត្តម សោម ពិសិដ្ឋអភិបាលខេត្តកែប បានប្តេជ្ញាចិត្ត ណែនាំជំរុញដល់មន្ទីអង្គភាពពាក់ព័ន្ធនានា ក្នុងរយៈពេលពីរខែនេះ ត្រូវយកចិត្តទុកដាក់ខិតខំ ចំពោះការកែលំអរឱ្យមានសោភ័ណ្ឌភាព សម្អាតអនាម័យបរិស្ថាន ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ទាំងកន្លែងប្រារព្ធពិធី  និងកន្លែងផ្សេងៗទៀត អោយបានសមរម្យ ដូចនេះសូមគ្រប់មន្ទីរទាំងអស់ សហការគ្នាធ្វើយ៉ាងណាអោយការងារនេះប្រព្រឹត្តទៅបានយ៉ាងរលូន ទាំងការគ្រប់គ្រងទុកដាក់សំរាម កាកសំណល់រឹង រាវ ក្នុងពេលរៀបចំព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ចប់។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យសមុទ្រជុំទី ៣នៅខេត្តកែប ជាព្រឹត្តិការណ៍មួយដ៏ធំជួយលើកស្ទួយ វិស័យទេសចរណ៍ខេត្ត នឹងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកែប ម្យ៉ាងទៀតបុណ្យសមុទ្រនេះនឹងរួមចំណែកជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តកែប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលអោយល្បីល្បាញសាកសមជាតារារះនាទិសនារតី  ហើយក៏ជាព្រឹត្តិការណ៍មួយដែលជួយជំរុញអោយកំណើនសេដ្ឋកិច្ចខេត្តកែប កាន់តែរីកចម្រើនមួយកម្រិតទៀត។ 

ក្នុងនោះដែរឯកឧត្ដមបន្ថែមថាបុណ្យសមុទ្រនៅឆ្នាំនេះ មានការរៀបចំកម្មវិធីជាច្រើនដូចជា រត់ប្រណាំង និង ប្រដាល់គុណខ្មែរ មហោស្រពម្ហូបអាហារ តាំងពិព័រណ៍សមិទ្ធផលនានា និងការប្រគំតន្ដ្រីមហាជន ។ល។ 

ទោះជាយ៉ាងណា ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ស្នើរឱ្យរដ្ឋបាលខេត្តកែប និងមន្ទីរពាក់ព័ន្ធទាំងអស់គួរពិនិត្យរកកន្លែងទីតាំងណាសម្របសម្រួលដែលសាកសមសម្រាប់ប្រារព្ធពិធីបុណ្យសមុទ្រនេះ ហើយសូមឱ្យខិតខំកៀងគររកដៃគូធ្វើកិច្ចសហការណ៍ជាមួយវិស័យឯកជន និងគ្រប់មន្ទីពាក់ព័ន្ធដើម្បីក្រៀមឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែបបានប្រព្រឹត្តទៅដោយភាពរលូនបានជោគជ័យ៕(សឹង រ៉ាត់)