2024-01-31 01:01
64

ភ្នំពេញ៖ គិតត្រឹមរយៈពេល ២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ចំនួន ៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន ១៥ និងបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ៧២នាក់ បញ្ជូនទៅកាន់តុលាការ ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

លោក ទូច សុឃៈ (សុខៈ) បានលើកឡើងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ ចំនួន ២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសង ចំនួន ៧២នាក់ទៅតុលាការ ។ ក្នុងចំណោម ចំនួន ២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន ១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ និងល្បែងស៊ីសងផ្សេងៗតាមមូលដ្ឋាន ចំនួន ២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ៦៩នាក់។ 

អ្នកនាំពាក្យរង បានឲ្យដឹងទៀតថា ចំណែកឯការបង្ក្រាបទីតាំង ចំនួន ២៤ទៀត ឃាត់មនុស្សបានចំនួន ៤៩នាក់ យកមកអនុវត្តវិធានការរដ្ឋបាល ដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព មិនបញ្ជូនទៅតុលាការនោះទេ ។

លោកបន្ថែមថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតក្នុងចំណោមអាទិភាពការងារទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ។

លោក ទូច សុឃៈ បញ្ជាក់ថា ដោយអនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ សមត្ថកិច្ចនគរបាលជាតិ ទាំងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍ននគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៕