2023-12-27 06:12
120

(ពោធិ៍សាត់)៖     លោក ហ៊ែល តូនី អនុប្រធានទទួលបន្ទុកក្ដាប់រួមអាជ្ញាធរទន្លេសាប និងជាតំណាងលោក ថោង ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប និងលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាលខេត្ត នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹកនិងព្រៃលិចទឹកតំបន់ជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលបានកាត់ឆ្វៀល។
    គោលបំណងនៃកិច្ចប្រជុំធ្វើឡើងក្នុងស្មារតីទទួលខុសត្រូវលើដែនសមត្ថកិច្ចការងាររបស់អាជ្ញាធរទន្លេសាប ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល ដូចបានកំណត់នៅក្នុងព្រះរាជក្រឹត្យ រួមជាមួយភារកិច្ចទទួលខុសត្រូវ ដែលបានកំណត់នៅក្នុងអនុក្រឹត្យ១៩៧ អនក្រ.បក ជាពិសេសការចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភាជាតិ។
   ជាមួយគ្នានោះ វត្ថុបំណងគឺដើម្បី៖
* បង្ហាញលទ្ធផលសិក្សាស្រាវជ្រាវ របស់ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប
* ពិភាក្សាលើបញ្ហាពាក់ព័ន្ធ (តំបន់១ តំបន់២ និងតំបន់៣) រួមជាមួយការផ្តល់យោបល់ និងអនុសាសន៍កែលម្អ
* ចែករំលែក និងផ្លាស់ប្តូរព័ត៌មាន ទិន្នន័យតំបន់១, តំបន់២ និងតំបន់៣ ក្នុងខេត្តពោធិ៍សាត់
* កិច្ចសហការពីថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីមូលដ្ឋានពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ ក្នុងការចូលរួមការពារថែរក្សាធនធានធម្មជាតិ និងបរិស្ថាន តំបន់១ តំបន់២ និងតំបន់៣
* ការដាក់ផែនការ/កម្មវិធី ចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង ក្នុងខេត្តពោធិ៍សាត់។
គួរជម្រាបថា យោងតាមអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បានកំណត់ផ្ទៃដីតំបន់៣ ចំនួន៦៤៧,៤០៦ហិកតា ស្មើនឹង៨០២បង្គោលព្រំ ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សម្រាប់ខេត្តពោធិ៍សាត់ មានចំនួន៩៤,០៤២ហិកតា ស្មើនឹង៧៦បង្គោល និងបានបោះបង្គោលប្រវត្តិសាស្ត្រ ចំនួន៣បង្គោល ក្នុងឆ្នាំ២០១១។
ក្នុងឆ្នាំ២០២១-២០២២ នៅក្នុងយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ការទន្ទ្រានដែនព្រៃលិចទឹកតំបន់៣ ក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប គឺខេត្តពោធិ៍សាត់អនុវត្តបាន៖
* កប់គ្រាប់ត្នោត បានចំនួន៨២,៨៣៩ដើម
* បង្គោលព្រំតំបន់៣ បានដាំថ្មីចំនួន១០, កែសម្រួលឲ្យល្អវិញ ចំនួន៤៧ និងបង្គោលនៅឈរត្រង់ល្អ មានចំនួន១៩បង្គោល
* លើកផ្ទាំងប៉ាណូផែនទីព្រៃលិចទឹកតំបន់៣ ចំនួន៩ផ្ទាំង
* ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ចំនួន១,២៧៦ហិកតា ២៣អា ស្មើ៣៨៨គ្រួសារ
* ឃាត់ខ្លួនអ្នកពាក់ព័ន្ធ បានចំនួន៥នាក់ និងវត្ថុតាងមួយចំនួន។
សម្រាប់ការកាត់ឆ្វៀល ក្នុងឆ្នាំ២០២២៖ តាមអនុក្រឹត្យលេខ១០១ អនក្រ.បក និងសជណ៣៩២ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានកែសម្រួលផ្ទៃដីតំបន់៣ ចំនួន៣,៤៤៨ហិកតា ៧៧អា ស្មើនឹង១,៦៥៨គ្រួសារ ចេញពីតំបន់៣ បញ្ចូលមកតំបន់២
ឆ្នាំ២០២៣ ៖ សជណ លេខ១៦៧ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានកែសម្រួលផ្ទៃដីលំនៅឋាន ទំហំ១៥៩ហិកតា ៦៤អា ស្មើនឹង២៣៤គ្រួសារ ចេញពីតំបន់២ បញ្ចូលមកតំបន់១។ អនុក្រឹត្យលេខ៤៣ អនក្រ.បក និងសជណ ១៦៧ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានកំណត់ទុកជាតំបន់២ មានទំហំ១៤,៤២៨ហិកតា១អា៕