2023-04-19 01:04
381

 

តាកែវ៖ក្រុមចោរដៃស្អិតជំនាញខាងឆក់ចំនួន០២នាក់ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ស្ទាក់ចាប់បានភ្លាមៗក្រោយធ្វើសកម្មភាពឆក់កាបូបពីពលរដ្ឋជិះម៉ូតូត្រឡប់មកពីផ្សារអង្គតាសោម ឆ្ពោះទៅផ្ទះវិញ មិនបានសម្រេច តែបណ្ដាលឱ្យដួលម៉ូតូរងរបួសម្ដាយ និងកូនតូច។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ មានករណីក្រុមចោរ ០២នាក់ ធ្វើសកម្មភាពឆក់កាបូប ពីពលរដ្ឋនៅចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម តែមិនបានសម្រេច ដោយជនរងគ្រោះប្រតាយប្រតប់ជាមួយជនបង្កទាំង ០២នាក់ បណ្ដាលឱ្យដួលម៉ូតូរងរបួសម្ដាយ និងកូនតូចម្នាក់។ 

លោកអធិការនគរបាលស្រុកត្រាំកក់ បានបន្តថាក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំងអស់ស្ទាក់ចាប់ បានជនសង្ស័យ ០២នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ផ្កាឈូក គ្មានស្លាកលេខ ប្រដាប់ដោយកាំបិតក្រង៉ុក មានឈ្មោះ ម៉ម សុខ ហៅកែវ ភេទប្រុស អាយុ ១៨ឆ្នាំនៅភូមិសេកយា ឃុំអង្គតាសោម និងឈ្មោះ ថន លីហ្សា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម បានធ្វើសកម្មភាព ឆក់ទូរសព្ទពីជនរងគ្រោះចំនួនពីរនាក់ ដែលកំពុងជិះម៉ូតូម៉ាកស្កុបពីឌុបកូនតូចៗ ចេញពីផ្សារអង្គតាសោម តាមផ្លូវខាងលើឆ្ពោះទៅផ្ទះវិញ តែពេលធ្វើសកម្មភាពជនសង្ស័យ យកទូរសព្ទពុំបានទេដោយជនរងគ្រោះប្រតោងប្រតាយយកបានវិញ បណ្ដាលឲ្យដួលម៉ូតូរងរបួសទាំងម្ដាយ និងកូនតូច។ 

លោកបន្តទៀតថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ឆែត ស្រីនាង ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិតាសោម ឃុំសំរោង និងឈ្មោះ រឿន ចំរើន ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិតាសោម ឃុំសំរោង ។ 

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់នេះ គឺធ្លាប់ធ្វើសកម្មភាពឆក់កាបូប ទូរស័ព្ទពីពលរដ្ឋសម្រេចបាន ចំនួន ០៤លើក កន្លងមកហើយ។

បច្ចុប្បន្ននេះ កម្លាំងជំនាញកំពុងធ្វើការសាកសួរកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ៕